ក្រុមមន្រ្តីមកពីប្រទេសចំនួន៦០ចូលរួមវេទិកាសកលស្ដីពីការតភ្ជាប់ការដឹកជញ្ជូនឆ្នាំ២០២៥

ដោយៈ ម៉ាណា

    ប្រទេសតួកគីៈ លោកធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធា​រណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង ទៅចូលរួមវេទិកាសក​ល​ស្ដីពីការតភ្ជាប់ការដឹកជញ្ជូន (Global Transport Connectivity Forum) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការតភ្ជាប់ដោយរលូន លទ្ធភាពគ្មានដែនកំណត់” (Seamless Connectivity, Limitless Possibilities)។

វេទិកានេះ ត្រូវបានប្រកាសបើកជាឱឡារិក ក្រោមអធិបតីភាពរបស់ លោកRecep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី និងមានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី មកពីប្រទេសចំនួនប្រមាណ៦០ ថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដ៏ច្រើនកុះករ សរុបប្រមាណ៤០០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ បានលើកយកបញ្ហាប្រឈមដែលការតភ្ជាប់ ការដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីករវាងតំបន់អាស៊ី និងអឺរ៉ុប កំពុងប្រឈម ដែលបណ្តាលមកពីការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និងជម្លោះនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ាដែលកំពុងកើតឡើង និងបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញសម្រេចឱ្យបានពេញលេញនូវសក្តានុពល នៃច្រករបៀងដឹកជញ្ជូនកណ្តាល និងរបៀង TRACECA  សំដៅប្រែក្លាយរបៀងនេះ ជារបៀងនៃសន្តិភាព ភាពជាដៃគូ និងការរីកចំរើន ដែលអាចជំនួស និងបំពេញបន្ថែមឱ្យរបៀងកើត-លិច ដែលកំពុងបម្រើឱ្យការដឹកជញ្ជូន និងវិនិយោគនាពេលបច្ចុប្បន្ន។

ក្រៅពីការពិភាក្សាលើការជំរុញ ការតភ្ជាប់រូបវន្តនៃរបៀងខាងលើនេះ វេទិកាពិភាក្សាផងដែរអំពីផែនការ និងយុទ្ធសាស្រ្តនានា ដើម្បីរបៀងខាងលើនេះមានភាពប្រកួតប្រជែង មាននិរន្តរភាព បរិយាបន្ន និងភាពធន់ សំដៅបង្កើនភាពជឿជាក់ ដោយគោរពបរិស្ថាន និងប្រើប្រាស់ជម្រើសឌីជីថលូបនីយកម្ម រួមបញ្ចូលនូវបញ្ញាសិប្បនិមិត្ត និងនវានុវត្តន៍ និងប្រើប្រាស់មធ្យោបាយហិរញ្ញប្បទាន ប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងសកល។

ដោយឡែក លោកឡេង ធនយុទ្ធា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “រចនាបទកំពុងវិវត្តនៃច្រករបៀងកណ្តាល: ច្រកថ្មី, ឱកាសថ្មី” (The Evolving Geometry of the Middle Corridor: New Gateways, New Possibilities” ដោយបានលើកឡើងអំពីសក្តានុពល និងឧត្តមភាពនៃរបៀងកណ្តាល ដែលអាចតភ្ជាប់មកតំបន់អាស៊ាន ដ៏មានសក្តានុពលទាំងខាងផ្នែកសេដ្ឋកិច្ច និងវិនិយោគ និងកំពុងមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកក៏បានលើកឡើងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា នៅក្នុងនិមាប្បនកម្មតភ្ជាប់អាស៊ាន ដែលផ្តោតទៅលើនិរន្តរភាព បរិយាបន្ន និងភាពធន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានគូសរំលេចបន្ថែម នូវវឌ្ឍនភាពនៃវិស័យដឹកជញ្ជូន ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here