បណ្តាអគារការិយាល័យនៅសង្កាត់ Causeway Bay លើកោះហុងកុងរំពឹងទាក់ទាញបានបណ្តាក្រុមហ៊ុនបរទេសធំៗ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអគារការិយាល័យនៅសង្កាត់ Causeway Bay ក្នុងទីក្រុងហុងកុងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងទាក់ទាញបានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងពីបណ្តាក្រុមហ៊ុនបរទេសធំៗ ដែលកំពុងស្វែងរកឱកាសពង្រីកខ្លួននៅក្នុងទីក្រុងហុងកុង។

ថ្មីៗនេះ ក្រុមហ៊ុនយក្សអាមេរិក Jane Street បានបំបែកកំណត់ត្រា ដោយបានជួលការិយាល័យទំហំ២២៣.៤៣៧ហ្វីតការ៉េក្នុងគម្រោង New Central Harbourfront របស់ក្រុមហ៊ុន Henderson Land ក្នុងទំហំទឹកប្រាក់ចំនួន៣០,៦លានដុល្លារហុងកុង (ប្រហែល៣,៩លានដុល្លារអាមេរិក) ក្នុងមួយខែ។

លោក Paul Yien អ្នកជំនាញជាន់ខ្ពស់ផ្នែកប្រឹក្សាយោបល់លើការជួលការិយាល័យនៅក្រុមហ៊ុន JLL បានលើកឡើងថា “អគារការិយាល័យនៅក្នុងសង្កាត់ Causeway Bay នឹងក្លាយជាចំណុចរបត់សំខាន់ថ្មីនៃទីផ្សារ ដែលនឹងអាចទាក់ទាញចំនួនអ្នកជួលកាន់តែច្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ គម្រោងបណ្តាក់ទុនវិនិយោគរួមគ្នា“Lee Garden Eight” នៅសង្កាត់ Causeway Bay រវាងក្រុមហ៊ុន Hysan Development និងក្រុមហ៊ុន Chinachem Group ត្រូវបានគេរំពឹងថា នឹងអាចបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។ គម្រោងដ៏ធំនេះនឹងអាចផ្គត់ផ្គង់ការិយាល័យថ្មីចំនួនជាង១លានហ្វីតការ៉េ។

លោក Paul Yien បានបង្ហាញទំនុកចិត្តលើទីផ្សារការិយាល័យក្នុងសង្កាត់ Causeway Bay ព្រោះសង្កាត់មួយនេះមានសកម្មភាពអាជីវកម្មយ៉ាងរស់រវើក និងមានភាពអ៊ូអរ ព្រមទាំងមានបណ្តាក្រុមហ៊ុនបរទេសជាច្រើនជាតិសាសន៍ចូលមកជួលការិយាល័យ។

គិតត្រឹមខែឧសភា អត្រាការិយាល័យទំនេរនៅសង្កាត់ Causeway Bay មានចំនួន៩ភាគរយ បើធៀបនឹងចំនួន២,១ភាគរយក្នុងខែមករា ឆ្នាំ២០១៩។ ការជួលការិយាល័យនៅសង្កាត់នេះមានតម្លៃជាមធ្យមចន្លោះពី៤០ដុល្លារហុងកុង ទៅ៤៥ដុល្លារហុងកុងក្នុងមួយហ្វីតការ៉េ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here