ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរក្នុងតម្លៃខ្ពស់បំផុតក្នុងរយៈពេលជាង២ខែកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា រដ្ឋាភិបាលជុំវិញពិភពលោកអាចបង្កើនគោលនយោបាយគាំទ្រដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ដែលនឹងជះផលវិជ្ជមានលើតម្រូវការប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង១៦សេន ឬ០,២% ដល់៧៦,០៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0132 GMT បន្ទាប់ពីបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងវគ្គជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានកើនឡើង១៩សេន ឬ០,៣ភាគរយដល់៧៣,៣២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានបិទការជួញដូរក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំមុន។
បច្ចុប្បន្ន បណ្តាវិនិយោគិននានាកំពុងរង់ចាំមើលការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលអាមេរិកនៅឆ្នាំនេះ ដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រធានាធិបតីចិនលោកសុី ជីនពីង បានប្តេជ្ញាដាក់ចេញគោលនយោបាយសកម្មបន្ថែមទៀតដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចចិន៕