មន្ដ្រីជាន់ខ្ពស់: សហគ្រាសវៀតណាមចំនួនជាង៤០ កំពុងបោះទុនវិនិយោគក្នុងខេត្តព្រះសីហនុ

ដោយ: គង់ លាងហួរ
អន្តរជាតិ: អនុរដ្ឋមន្ត្រីក្រសួងការបរទេស​នៃប្រទេសវៀត​ណាម លោកស្រី Lê Thị Thu Hằng បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា បណ្តាសហគ្រាសវៀតណាមចំនួនជាង៤០ កំពុងបោះទុនវិនិយោគក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងអភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។

ថ្នាក់ដឹកនាំខេត្តព្រះសីហនុលើកឡើងថា ខេត្តមួយនេះមានសក្ដានុពលសំខាន់សម្រាប់វិស័យទេសចរណ៍ សេវាកម្ម និងការដឹកជញ្ជូន គួបផ្សំនឹងភាពអំណោយផលនៃប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ ក៏បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព។

លោកបានស្នើឱ្យក្រសួងការបរទេសវៀតណាម សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីជំរុញបណ្តាអ្នកវិនិយោគវៀតណាម ជាពិសេសនៅខេត្ត Kiên Giang ខេត្ត Bạc Liêu និងទីក្រុង Hai Phong ឱ្យពង្រីកពាណិជ្ជកម្ម និងបង្កើនការវិនិយោគនៅខេត្តព្រះសីហនុ។

ទន្ទឹមនឹងសំណើនេះ លោកស្រី Hằng បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្កើតបរិយាកាសអំណោយផលសម្រាប់ក្រុមហ៊ុនអាជីវកម្មរបស់អ្នកវិនិយោគមកពីប្រទេសវៀតណាម។

មន្ដ្រីការទូតវៀតណាម និងថ្នាក់ដឹកនាំខេត្តព្រះសីហនុបានពិភាក្សាគ្នាអំពីយន្តការ និងវិធានការជំរុញទំនាក់ទំនងទ្វេរភាគីលើគ្រប់វិស័យ ក៏ដូចជាសកម្មភាពដែលត្រូវអនុវត្តន៍នៅឆ្នាំក្រោយ។

លើសពីនេះ ក្រុមមន្ដ្រីក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរលើកកម្ពស់គម្រោងនានាក្នុងគោលបំណងជំរុញលើកស្ទួយដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕ប្រភព: Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here