ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចបន្ថែមទៀតពីប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីវាយតម្លៃកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសប្រើប្រាស់ប្រេងធំជាងគេទាំង២របស់ពិភពលោក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៦សេនដល់៧៤,១១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0111 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៨សេន មកនៅត្រឹម៧០,៥២ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅទាំងពីរនេះបានកើនឡើងប្រមាណ១,៤ភាគរយកាលពីសប្តាហ៍មុនដោយសារតែការទាញយកប្រេងឆៅយ៉ាងច្រើនពីស្តុកបម្រុងរបស់សហរដ្ឋអាមេរិក ព្រោះបណ្តាក្រុមហ៊ុនចម្រាញ់ប្រេងបានបង្កើនសកម្មភាព គួបផ្សំនឹងរដូវកាលឈប់សម្រាកដែលបានជំរុញតម្រូវការប្រេងឥន្ធនៈ។
បច្ចុប្បន្ន ក្រុមវិនិយោគិនកំពុងរង់ចាំមើលលទ្ធភាពនៃការស្ទង់មតិលើសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) ដែលជារង្វាស់ដ៏សំខាន់នៃទិន្នផលរោងចក្រ របស់ប្រទេសចិន ដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារស្អែកនេះ៕