ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែន ប្រវែង២៥០គីឡូម៉ែត្រ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។
គំនិតផ្តួចផ្តើមនេះ ទទួលថវិកាពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន(ក.គ.ម.) ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ ខណៈពេលដែលបង្កើតឱកាសសម្រាប់កំណើន នៅក្នុងតំបន់ព្រំដែនដាច់ស្រយាល។
លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា “សម្ដេចធិបតី លោកបានបញ្ជាក់ច្បាស់ហើយថា រាជរដ្ឋាភិបាលមានឆន្ទះមុះមាត់ និងផែនការច្បាស់លាស់ ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ ចប់សព្វគ្រប់បន្ដពីសម្ដេចតេជោ ហ៊ុន សែន ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារសំខាន់ណាស់”។
លោកបញ្ជាក់ថា “នៅពេលយើងបោះបង្គោលព្រំដែនហើយ បើសិនយើងមិនកសាងផ្លូវទេ ប្រជាពលរដ្ឋយើងអត់បានឃើញបង្គោលព្រំដែន បន្ទាត់ព្រំដែនយើងទេ ពីព្រោះ វានៅក្នុងព្រៃជ្រៅ អត់មាននរណាទៅដល់”។
លោកប៉ែន បូណា បានលើកឡើងថា ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀត សម្រាប់បូរណភាពទឹកដី អធិប្បតេយ្យជាតិកម្ពុជា ដែលមិនមាននរណាអាចរំកិលបាន។
ច្បាស់ណាស់ថា ពេលណាមានផ្លូវ ទីនោះប្រាកដជាមានការអភិវឌ្ឍ។ ប្រជាពលរដ្ឋអាចទៅតាំងទីលំនៅនៅទីនោះ ដែលនឹងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារជាដើម។
លោកបានថ្លែងថា “វានឹងក្លាយជាតំបន់អភិវឌ្ឍ ពីព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែន ឱ្យទៅជាព្រំដែនសន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ”។លោកបន្ថែមថា “នេះជាយុទ្ធសាស្ដ្រការពារទឹកដី របស់រាជរដ្ឋាភិបាល ដែលដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ និងកំពុងតែអភិវឌ្ឍគោលការណ៍នេះបន្ដទៀត”។
ផ្លូវដែលលាតសន្ធឹងជាចម្បង លើខេត្តភាគឦសាននៃខេត្តមណ្ឌលគិរី និងរតនគិរី គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៧។
លោក គឹម ប៊ុនថាន ប្រធាន (ក.គ.ម.) បានសង្កត់ធ្ងន់លើភាពជោគជ័យ ដ៏គួរឱ្យកត់សម្គាល់នៃយុទ្ធនាការរៃអង្គាសប្រាក់ ដែលបានប្រមូលថវិកាចំនួនជិត២៧លានដុល្លារ ក្នុងរយៈពេលត្រឹមតែ៦៦ថ្ងៃប៉ុណ្ណោះ ដោយសារការគាំទ្រពីម្ចាស់ជំនួយចំនួនជាង៧២ម៉ឺននាក់។
លោកបានឱ្យដឹង ក្នុងពិធីសម្ពោធគម្រោងកាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា វិភាគទានសរុបមានចំនួនជិត៣៣ពាន់លានរៀល និងជិត១៨លានដុល្លារអាមេរិក បង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍ក្នុងស្រុក និងអន្តរជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៧ ខែធ្នូ (ក.គ.ម.) បានគូសបញ្ជាក់ថា ក្រុមការងារចំពោះកិច្ច បានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។
គណនីធនាគារទាំងអស់ត្រូវបានបិទ ដែលថវិកាមូលនិធិត្រូវបានរក្សាទុក ក្នុងគណនីធនាគារប្រកបដោយសុវត្ថិភាព និងមានគណនេយ្យភាពត្រឹមត្រូវ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារចំពោះកិច្ច (ក.គ.ម.) បានឱ្យដឹងថា ប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំមួយ ត្រូវបានបង្កើតឡើងសំដៅ ធានាដល់ការគ្រប់គ្រងថវិកាមូលនិធិឱ្យបានត្រឹមត្រូវ ដែលជាការឆ្លើយតប នឹងសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងសមានចិត្តប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគនៅក្នុងមូលនិធិ។
សរុមការងារទំនាក់ទំនងសាធារណៈ នៃក្រុមការងារចំពោះកិច្ច (ក.គ.ម.) សហការជាក់ស្តែង នៅការដ្ឋានសាងសង់ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាទទួលបានព័ត៌មានស្តីពីលទ្ធផល និងរូបភាព រួចធ្វើការផ្សព្វផ្សាយ ជូនសាធារណជនឱ្យបានជ្រាបជាប់ជាប្រចាំ។
ផ្ទៃដីសរុបចំនួនជិត១,៥ម៉ែត្រការ៉េ ត្រូវបានបោសសម្អាតពាក់ព័ន្ធនឹងមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ចំនួននេះ រួមមាន ១,២២៥,០០០ម៉ែត្រការ៉េ នៅខេត្តមណ្ឌលគិរី និង២៣៧,៥០០ ម៉ែត្រការ៉េនៅរតនគិរី ដោយបានរកឃើញអាវុធចំនួន២៣ ប្រភេទ រួមទាំងគ្រាប់បែកចង្កោមចំនួន៦។
ការឈូសឆាយបើកមុខទទឹង៥ម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបានប្រវែង៥៨,៥គីឡូម៉ែត្រ ធ្វើប្រឡាយប្រវែង៣០,២០គីឡូម៉ែត្រ កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ សម្រេចបានប្រវែង២៥គីឡូម៉ែត្រ ក៏ដូចជា ក្រាលល្បាយកម្ទេចថ្មស្ថាពរ សម្រេចបានប្រវែង១០,២០គីឡូម៉ែត្រ(ខេត្តមណ្ឌលគីរី)។
សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា ក្រុមការងារចំពោះ និងកងវិស្វកម្ម ដែលពាក់ព័ន្ធនឹងការស្ថាបនា ផ្លូវក្រវាត់ព្រំដែនមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការផ្តល់នូវគម្រោងជាប្រវត្តិសាស្ត្រនេះ ជាមួយនឹងការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។
គម្រោងនេះកើតឡើង ក្នុងពេលវេលាសំខាន់ សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការដកខ្លួនចេញ ពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នៅខែកញ្ញា ឆ្នាំ ២០២៤។
ការសម្រេចចិត្តនេះ បានបន្សាបការព្រួយបារម្ភ ជាសាធារណៈលើអធិបតេយ្យភាពជាតិ បានពង្រឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការពង្រឹងព្រំដែនរបស់ខ្លួន។
លោកប៉ែន បូណា បានឱ្យដឹងថា ការបិទបញ្ចប់ដំណើរទស្សនកិច្ចកាលពីសប្ដាហ៍មុន ក៏ជាផ្នែកមួយទៀត ដែលរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋខ្មែរ ទៅឃើញជាក់ស្ដែង ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងការពារអធិប្បតេយ្យភាពជាតិ និងបូរណភាពកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន ដំណើរទស្សនកិច្ចទិសឦសាន ត្រូវបានបិទបញ្ចប់ដោយមានសាធារណជន រួមមានព្រះសង្ឃ មន្ត្រីរាជការ និស្សិត បញ្ញវន្ត និងពលរដ្ឋទូទៅ ២៤០០ អង្គ/នាក់បានទៅទស្សនាតំបន់ព្រំដែន ជាមួយដំណើរចំនួន ១១ លើក លើតម្រាយផ្លូវចំនួន៣ខ្សែ ក្នុងទិសដៅខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
ទស្សនកិច្ចដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញផ្ទាល់ភ្នែក នូវការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានចាប់ផ្តើម ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានបិទបញ្ចប់ ប្រកបដោយជោគជ័យនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា សាធារណជនពីគ្រប់មជ្ឈដ្ឋាន អស់មន្ទិលសង្ស័យ និងអស់នូវការព្រួយបារម្ភលើបញ្ហាបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក្រោយបានចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន៕