ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-អាមេរិក​សម្រេចបាន​ទឹកប្រាក់​រហូតដល់៥,៨ពាន់​លាន​ដុល្លារ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥,៨ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល១០ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង១៦ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោងតាម​តួលេខ​ពី​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ ផលិតផល​គិត​ជា​ទឹកប្រាក់​ប្រមាណ៥,៥ពាន់​លាន​ដុល្លារ​ទៅ​សហរដ្ឋអាមេរិក កើនឡើង២១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹង​នេះដែរ ការនាំ​ចូល​ទំនិញ​របស់​កម្ពុជា ពី​សហរដ្ឋអាមេរិក​មាន​តម្លៃ២៦៩លាន​ដុល្លារ​ធ្លាក់ចុះ៣៩ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ផលិតផល​នាំចេញសំខាន់ៗរបស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក រួមមាន ផលិតផល​វាយ​ន​ភណ្ឌ ស្បែកជើង ទំនិញ​ធ្វើដំណើរ និង​ផលិតផល​កសិកម្ម ខណៈដែល​ការនាំ​ចូល​របស់​កម្ពុជា ពី​សហរដ្ឋ​អា​មេ​រិ​ករួ​ម​មាន​យានយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន។

យោងតាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ពាណិជ្ជកម្ម ពិសេស​លទ្ធភាព​ចូលទៅក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក បានផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​យ៉ាងច្រើន ក្នុងពេល​រាប់​ឆ្នាំ​មកនេះ។ សហរដ្ឋអាមេរិក គឺជា​គោលដៅ​នាំចេញ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា។

ការនាំចេញ​នេះ ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់​មានការ​ងារ​ធ្វើ រាប់​ពី​ការងារ​តាម​រោងចក្រ​នៅ​ក្រុងព្រះសីហនុ និង​ក្រុង​បាវិត ដល់​កសិករ​នៅ​ខេត្តបាត់ដំបង និង​កំពង់ចាម ដល់​អ្នកជំនាញ​ព័ត៌មាន​បច្ចេកវិទ្យា នៅ​ភ្នំពេញ។ ការនាំចេញ​ទាំងនេះ​មាន​ចំណែក​យ៉ាងសំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​ដ៏​ច្រើន​របស់​កម្ពុជា។

ការនាំចេញ​របស់​កម្ពុ​ជា​ថែមទាំង​ផ្តល់​ការ​ចំណេញ ដល់​អតិថិជន​អាមេរិក​ផងដែរ ដោយ​ផ្តល់​ឲ្យ​នូវ​ជម្រើស។ ពេលនេះ​មាន​ទំនិញ​ពី​កម្ពុជា នៅក្នុង​ហាង​ក្នុង​សហរដ្ឋអាមេរិក​ច្រើនជាង​ពេលណា​ទាំងអស់។

ទំនិញ​ទាំងនេះ​មាន​មិន​ត្រឹមតែ​សម្លៀកបំពាក់ និង​ស្បែកជើង​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ផលិតផល​កសិកម្ម ដែល​បានទទួល​រង្វាន់ ដូចជា ម្រេច​កំពត និង​អង្ករ​កម្ពុជា។ លើសពីនេះ​ទៀត លោកអ្នក​អាច​ឃើញ​មាន​ទំនិញ​សម្រាប់​ការធ្វើដំណើរ ដែល​ធ្វើ​នៅ​កម្ពុជា មាន​លក់​កាន់តែ​ច្រើនឡើង​នៅក្នុង​សហរដ្ឋអាមេរិក។

បន្ទាប់ពី​សហរដ្ឋអាមេរិក បានផ្តល់​ការលើកលែង​ពន្ធគយ ដល់​ទំនិញ​សម្រាប់​ការធ្វើដំណើរ នៅ​ឆ្នាំ២០១៦  នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​ផ្តល់​ការអនុគ្រោះ​ទូទៅ (GSP) ទំនិញ​សម្រាប់​ការធ្វើដំណើរ​ដែល​នាំ​ចេញពី​កម្ពុជា មានតម្លៃ​កើន​ពី៥០លាន​ដុល្លារ​ដល់​ជិត ១ ពាន់​លាន​ដុល្លារ។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥,៨ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង៣៧ភាគរយ កាលពី​ឆ្នាំ២០១៩ បើ​ធៀប​នឹង​ឆ្នាំ២០១៨ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here