ប្រមុខរដ្ឋាភិបាលបន្តលើកទឹកចិត្តផ្នែកពន្ឋដល់អ្នកផលិតស៊ីម៉ងត៍ ខណៈអ្នកផលិតបានបោះទុន១២០០លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ ប្រមុខរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីលើកម្ពស់ការផលិត និងភាពប្រកួតប្រជែង។

ការសម្រេចនេះបានធ្វើឡើងក្នុងឱកាស ដែលសម្តេចអនុញ្ញាឱ្យថ្នាក់ដឹកនាំសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដឹកនាំដោយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីរសៀលថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពរាយការណ៍​ជូន​សម្ដេចមហាបវរធិបតី អំពីវឌ្ឍនភាពនៃ​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែល​បច្ចុប្បន្ន​បណ្តា​ក្រុមហ៊ុន ​ដែល​ជា​សមាជិកសមាគមបាន និងកំពុងបោះទុន​វិនិយោគ​សរុបជាង១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានជាង២,៧០០​កន្លែង ដែលក្នុងនោះមានជាង១,៩០០នាក់ គឺជាកម្លាំងពលកម្ម​ក្នុង​ស្រុក។

សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវ​ការ​នៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាង​មួយ​ចំនួន​ផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធ ក្រុម​ហ៊ុន​​ផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការកោតសសើរ និង​វាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគម​ឧស្សា​ហ​កម្ម​ស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវ​ឌ្ឍ​សង្គម-សេដ្ឋ​កិច្ច​កម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការ​ផ្គត់ផ្គង់ស៊ីម៉ង់ត៍ ប្រកបដោយគុណភាព និងតម្លៃសមរម្យ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញគោល​នយោ​បាយ វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានា​ដល់ភាពជោគជ័យ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែង​របស់​បណ្ដា​ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ។

តប​តាម​សំណូមពរ​របស់​សមាគម ឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា សម្តេចមហា​បវរធិបតី​នាយករដ្ឋមន្ត្រី ​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ច​ឱ្យក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល​សិក្សា ​លើ​វិធាន​ការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេច ពីសម្តេច​មហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្កើនភាពប្រកួត​ប្រជែង និងការ​រីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុង​ការផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ដែល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមសមរម្យ ដើម្បីជួយជា​ប្រយោជន៍បន្ថែម ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ប្រើប្រាស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here