ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈដែលក្រុមអ្នកវិនិយោគនៅតែមានការប្រុងប្រយ័ត្ន មុនពេលធនាគារកណ្តាលអាមេរិកប្រកាសកាត់បន្ថយអត្រាការប្រាក់ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១២សេនដល់៧៣,៣១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0134 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១១សេនដល់៧០,១៩ដុល្លារក្នុងមួយបារ៉ែល។
ធនាគារកណ្ដាលអាមេរិក (Fed) ត្រូវបានគេរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមថា នឹងកាត់បន្ថយអត្រាការប្រាក់ជាលើកទី៣នៅថ្ងៃពុធនេះ ចាប់តាំងពីធនាគារ Fed បានចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួននៅខែកញ្ញា។
ក្រុមអ្នកវិភាគបានលើកឡើងថា សំខាន់ជាងនេះទៀត ការផ្តល់មតិយោបល់ ឬតម្រុយណាមួយស្តីពីទិសដៅអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ នឹងជះឥទ្ធិពលលើទីផ្សារប្រេងអន្តរជាតិ។
សហភាពអឺរ៉ុប(EU) កាលពីថ្ងៃអង្គារម្សិលមិញបានអនុម័តកញ្ចប់ទណ្ឌកម្មទី១៥ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានធ្វើសង្គ្រាមឈ្លានពានទៅលើអ៊ុយក្រែន។ ចំណែក អង់គ្លេសក៏បានដាក់ទណ្ឌកម្មលើកប៉ាល់ចំនួន២០គ្រឿង ដែលដឹកប្រេងរុស្ស៊ីដោយខុសច្បាប់ផងដែរ៕