រាជរដ្ឋាភិបាលបន្តតាមដានការងារភស្តុភារកម្ម ដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មនៅកម្ពុជាឱ្យបានកាន់តែប្រសើរ

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនាឱកាសនេះ ក៏មានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសា​ធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដោយបែងចែករបៀបវារៈជា ៣វគ្គ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាដោះស្រាយលើបញ្ហាប្រឈមនានា ដោយក្នុងនោះរួមមាន៖ (១). បច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងភស្តុភារកម្មរាជធានីភ្នំពេញ (PP-LC) រាយការណ៍ដោយក្រុមហ៊ុន YCH Group, (២). បច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) រាយការណ៍ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និង (៣). បទបង្ហាញស្តីពីបញ្ហាប្រឈមសម្រាប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។

កិច្ចប្រជុំនាឱកាសនេះ ជាការពិនិត្យតាមដានអំពីវឌ្ឍនភាពការងារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅពិនិត្យដោះស្រាយលើបញ្ហាប្រឈមនានា ដែលមាននៅក្នុងគម្រោង ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលលើវិស័យភស្ដុភារកម្ម និងដឹកជញ្ជូន។

ភស្ដុភារកម្ម និងការដឹកញ្ជូន គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញឱ្យឃើញ តាមរយៈការអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា២០២៣-២០៣៣ កា​លពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយក្នុងនោះមានផែនការមេចំនួន៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយសរុប១៧៤គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here