ដោយៈ គង់ ម៉ាលីនណា
កណ្តាលៈ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា “ផ្ការីក”ដែលកម្ពុជាចង់បាន គឺផ្ការីកនៃសន្តិភាព និងផ្លែផ្កានៃសន្តិភាព មិនមែន “ផ្ការីក” នាំទៅរកសង្គ្រាមនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ បន្ទាប់ពីពាក្យ “ផ្ការីក” កំពុងត្រូវបានលោក សម រង្ស៊ី មេដឹកនាំក្រុមឧទ្ទាមក្រៅប្រទេស បង្ហោះស្ទើររាល់ថ្ងៃ នៅលើបណ្តាញសង្គម ដែលជាចលនាបដិវត្តន៍មួយ ត្រូវបានគេប្រើប្រាស់ជោគជ័យ តាមបណ្តាប្រទេសមួយចំនួន ហើយត្រូវបានលោក សម រង្ស៊ី បំផុសឡើង ក្នុងចេតនាដ៏អាក្រក់ និងញុះញង់ឲ្យពលរដ្ឋក្រោកឡើង ក្នុងការបំផ្លាញក្តីសុខរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍទីក្រុងដ៏ទំនើប នៅក្រុងអរិយក្សត្រ ទល់មុខកោះនរា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិននឿយណាយនឹងការនិយាយ និងរំលឹកពីគុណតម្លៃសុខសន្តិភាព និងគុណវិបត្តិនៃភ្លើងសង្គ្រាមនោះឡើយ។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា “ការរីក (សមិទ្ធផលនៃសន្តិភាព) នេះ ជាយុទ្ធសាស្ត្រផ្ការីក។ មានម្នាក់នៅក្រៅប្រទេស គេនិយាយពីផ្ការីក រឿងផ្តួលរដ្ឋាភិបាល។ តែយើងអត់ទេ! ផ្ការីក គឺយើងដាក់គ្រាប់ផ្កានៃការអភិវឌ្ឍវិស័យឯកជន ដើម្បីរីកការអភិវឌ្ឍឲ្យកាន់តែច្រើន ហើយប្រជាពលរដ្ឋ ប្រែក្លាយពីកន្លែងដែលស្ងាត់ កន្លែងដែលពិបាកតភ្ជាប់ ទៅជាកន្លែងបម្រើសេវាកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចបន្ថែមថា “នេះហើយ គឺផ្ការីក ដែលយើងចង់បាន គឺផ្ការីកនៃសន្តិភាព ផ្លែផ្កានៃសន្តិភាព ដែលយើងអាចរីកចម្រើន ដោយសុខដុមរមណីយកម្ម”។
សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្តថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាលកម្ពុជា គឺដាក់ឲ្យវិស័យឯកជនអភិវឌ្ឍ នៅតំបន់ដែលពិបាកតភ្ជាប់ ឲ្យក្លាយជាតំបន់រីកចម្រើន ដើម្បីបម្រើសេវាកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំ នៅក្រុងអរិយក្សត្រនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងច្បាស់ថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ។
សម្តេចបានបង្ហាញសុទិដ្ឋិនិយមថា ទៅថ្ងៃខាងមុខ នៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍ និងអគារខ្ពស់ៗមិនខុសពីខាងរាជធានីភ្នំពេញនោះឡើយ។
ថ្លែងពីវេទិកាដដែលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រ ភ្ជាប់ទៅកោះនរា អាចឆ្លងកាត់ទៅផ្លូវជាតិលេខ ក៏ដូចជាពីអរិយក្សត្រ ទៅផ្លូវជាតិលេខ៨ ផងដែរ។ ពីអរិយក្សត្រ ភ្ជាប់ទៅកោះនរា សម្តេច ចង់ឲ្យសិក្សាលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។
សម្តេចបញ្ជាកក់ទៀតរា “ខ្ញុំសង្ឃឹមថា អ្វីដែលជាសក្តានុពលនៃការតភ្ជាប់នេះ នឹងនាំការតភ្ជាប់ខាងកើតទន្លេ មិនមែនតែក្នុងក្រុងអរិយក្សត្រ ឬមួយតែតំបន់ជាង ២០០ហិកតានេះទេ គឺរីកដល់ទិសខាងកើត តភ្ជាប់ដល់ផ្លូវជាតិលេខ៨ ក្លាយជាតំបន់ឧស្សាហកម្មទំនើប ដូចទិសខាងលិចយើងផងដែរ។ យើងអាចហៅថា ទីក្រុងថ្មីនៃទិសខាងកើតទន្លេ ហើយទីក្រុងថ្មីនេះ សូមយកចិត្តទុកដាក់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ធ្វើផ្លូវឲ្យធំ”៕