ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានៅតែមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ តើអ្វីជាគោលនយោបាយដ៏ប្រសើរ និងមានភាពច្បាស់លាស់នេះ?។
យោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា រាជរដ្ឋាភិបាលបានអនុវត្តន៍ ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវ វិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ។
យុទ្ឋសាស្រ្តទាំងនោះរួមមាន ទី១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ទី២ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ ទី៣ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
ទី៤ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់បំផុត និងទី៥ ប្រើប្រាស់ឥណទាន សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែល ត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រង ការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាន នូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្តីព្រាងច្បាប់ថវិកា ដែលគណៈរដ្ឋមន្រ្តីបានអនុម័តបានឱ្យដឹងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងខ្ចីប្រាក់ប្រមាណ ២ប៊ីលានអេសដេអ៊ែរ ឬប្រមាណ៣ពាន់លានដុល្លារបន្ថែមទៀតផងដែរ៕