ដោយៈ គង់ សូរិយា
ភ្នំពេញៈ កាលពីសប្តាហ៍មុន លោកវ៉ា រុតសាន រដ្ឋលេខាធិការ
ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសចុងក្រោយ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រ ពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីអន្តរក្រសួង ក្រុមការងារ FAO ព្រមទាំងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១.) ធានាថា យុទ្ធសាស្ត្រដែលបានរៀបចំនេះ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បេសកកម្ម និងគោលដៅរួមរបស់ក្រសួងពាណិជ្ជកម្ម ២.) បង្កើតលក្ខណៈងាយស្រួលដល់ដំណើរការនៃការចូលរួម ដើម្បីទទួលនិងផ្តល់ធាតុចូល ក៏ដូចជាយោបល់ចុងក្រោយបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ និង៣.) បង្កើតនូវការឯកភាពគ្នា ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព៕