(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ Sumitomo Mitsui Banking Corporation តំណាងដោយ លោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិនិត្យកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះក្រុមការងារដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីអង្កេតដោយផ្ទាល់នូវវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកឡើងវិញអំពីបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ទីក្រុងតូក្យូ កាលពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយបានរៀបចំសិក្ខាសាលា, ទទួលជួបពិភាក្សាការងារ និងរៀបចំជំនួបផ្គូផ្គងធុរកិច្ចជាមួយសហគមន៍ធុរកិច្ចជប៉ុន។ បន្ថែមពីនេះ ឯកឧត្តមក៏បានធ្វើការជម្រាបជូនសមភាគីអំពីវិស័យគន្លឹះមួយចំនួនដែលកម្ពុជាបាន និងកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាសបណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមានកសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។ ក្នុងស្មារតីនេះ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថាក្រុមការងារតុជប៉ុន (Japan Desk) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអាចសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខ។
ជាការឆ្លើយតប លោក Hironori Shimojima បានសម្តែងនូវក្តីរីករាយដែលបានពិភាក្សាការងារជាមួយក្រុមការងារនាឱកាសបំពេញបេសកកម្មការងារលើកទី២ របស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ លោកបានកត់សម្គាល់នូវសកម្មភាពដ៏សកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការដើរគោះទ្វារវិនិយោគិនឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងវិលត្រលប់ទៅកាន់ប្រទេសជប៉ុននាពេលវេលាសមស្របខាងមុខដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ខ្លួន។ មុននឹងបញ្ចប់ លោកបានទទួលយកនូវអនុសាសន៍ដ៏ប្រពៃស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យតំណាង Sumitomo Mitsui Banking Corporation នៅរាជធានីភ្នំពេញពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។
“Invest in Cambodia”, Find us on:
- Website: https://cdc.gov.kh/
– Online Investment Project Registration: https://ipm.cdc.gov.kh/landing/
– Email: [email protected] / [email protected]
– Helpline: +855 99 799 579 / +855 98 799 579