ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារៈការ បានបើកកិច្ចប្រជុំពិភាក្សាលើបញ្ជី គម្រោងផែនការវិនិយោគសាធារណៈ៣ឆ្នាំរំកិល ក្នុងក្របខណ្ឌឥណទានថវិកាជំពូក២១ និងឥណទានថវិកាជំពូក៦១ សម្រាប់ឆ្នាំ២០២៦-២០២៨ លើការងារថែទាំ ជួសជុល ស្ថាបនា និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
កិច្ចប្រជុំកាលពីថ្ងៃទី១០ ធ្នូ ដឹកនាំដោយលោកហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ និងលោកហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញដឹកនាំជាសហប្រធានក្នុងកិច្ចប្រជុំពិភាក្សា លើបញ្ជីគម្រោងផែនការ វិនិយោគសាធារណៈ៣ឆ្នាំរំកិល ក្នុងក្របខណ្ឌឥណទាន ថវិកាជំពូក២១ និងឥណទានថវិកាជំពូក៦១ សម្រាប់ឆ្នាំ២០២៦-២០២៨ ដើម្បីជ្រើសរើស និងកំណត់អាទិភាព ក្នុងគោលដៅស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យអាទិភាពក្នុងការជ្រើសរើសខ្សែផ្លូវជាតិនិងផ្លូវខេត្តនានា សម្រាប់ធ្វើការថែទាំ ជួសជុល ស្ថាបនា និងស្ដារឡើងវិញ រាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦-២០២៨ ដើម្បីបម្រើដល់ការដឹកជញ្ជូន ប្រកបដោយប្រសិទ្ធិភាព បម្រើដល់សេដ្ឋកិច្ច សង្គម និងនយោបាយ ស្របទៅតាមផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។
លោកអគ្គនាយក បានក្រើនរំលឹកដល់អង្គភាពអនុវត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ ទៅលើបច្ចេកទេសនៃការថែទាំ ជួសជុល និងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានានូវរាល់គុណភាពសំណង់ទាំងអស់ ព្រមទាំងអនុវត្តគម្រោងឱ្យទាន់ពេលវេលា ដើម្បីប្រសិទ្ធិភាព ស័ក្ដសិទ្ធភាព និងទាន់ពេលវេលា សម្រាប់ប្រព័ន្ធតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube