ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានពាណិជ្ជកម្ម ជឹង គង់ (Cheung Kong Graduate School of Business_CKGSB) ដឹកនាំដោយលោក Jiang YiFei នាយកគ្រប់គ្រងវិទ្យាស្ថាន ក្រោមការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសុខសន្តិភាព, ស្ថិរភាព, កាលានុវត្តភាពវិនិយោគរបស់កម្ពុជា, វិស័យជាអាទិភាព, ផែនការមេ, កិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច និងធានាប្រក្រតីភាពនៃកិច្ចវិនិយោគរបស់វិនិយោគិន។
លោកនាយកគ្រប់គ្រងវិទ្យាស្ថានបានថ្លែងការកោតសរសើរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនគណៈប្រតិភូយ៉ាងក្បោះក្បាយ និងប្រកបដោយថាមពលអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ក្នុងនោះ លោកបានមើលឃើញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិសេសលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដែលនឹងអាចឈានទៅមានសមត្ថភាពពេញលេញនាពេលឆាប់ៗខាងមុខនេះ។ បន្ថែមពីនេះដែរ លោកនាយក ក៏បានស្នើសុំការណែនាំបន្ថែមទៀតពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារកម្មសិទ្ធបញ្ញា, ស្ថានភាពទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce), និងកិច្ចវិនិយោគលើវិស័យថាមពលជាដើម៕










