ក្រសួងបរិស្ថានសាងសង់ផ្ទះតង់តាមរចនាបទខ្មែរជាលើកដំបូងនៅភ្នំគូលែន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងបរិស្ថានកាលពីថ្ងៃទី២ ធ្នូ បានសាងសង់​ផ្ទះ​តង់​ចំនួន១០​ផ្ទះ ត្រូវ​បាន​ចាប់​ផ្តើម​សាងសង់ តាម​រចនាបទ​ខ្មែរជា​ជំហាន​ដំបូង​ នៅ​ក្នុង​សហគមន៍​ការពារ​ធម្មជាតិ ​ព្រៃធំ​អន្លង់​ធំ ស្ថិត​នៅលើ​ខ្នង​ភ្នំ​គូលែន នៃ​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន នរោត្តម “ភ្នំគូលែន”។

គោលដៅនៃការសាងសង់នេះ ដើម្បី​ពង្រឹង​ការ​អភិរក្ស​ព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ ជាមួយ​សក្តានុពល​លំហែ​បៃតង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទះតង់​ទាំងនេះ​ត្រូវ​បាន​ផ្តល់ឱ្យ ដោយ​ក្រសួង​បរិស្ថាន​តាម​រយៈគម្រោង​និរន្តភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា (CSLEP) ដែល​ដឹកនាំ​អនុវត្តន៍ ​ដោយ​ក្រសួង​បរិស្ថាន​និង​ក្រសួង​អភិវឌ្ឍជនបទ ក្រោម​ហិរញ្ញប្បទានធនាគារ​ពិភពលោក ​មូលនិធិ​បរិស្ថាន​សកល ​និង​រាជរដ្ឋាភិបាល​កម្ពុជា។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា តង់​ស្នាក់​សម្រាប់​ទេសចរណ៍ សាងសង់​ឡើង​តាម​រចនាបទខ្មែរ និង​មាន​លក្ខណៈ​ទំនើប មាន​អនាម័យ សោភ័ណភាព​ស្អាត ការ​លំហែ​កម្សាន្ត ប្រកប​ដោយ​សុខុដុមរមនា​ ជាមួយ​ធម្មជាតិ​សម្រាប់​ឱ្យ​ភ្ញៀវជាតិ ឬ​អន្តរជាតិ ដែល​មក​កម្សាន្ត​បោះតង់ និង​ដើរ​ទស្សនា​ជុំវិញ​ព្រៃ​សហគមន៍ តំបន់​ទីទួល​បុរាណ ប្រាសាទ​បុរាណ កន្លែង​វប្បធម៌ ប្រវ​ត្តិសាស្រ្ត និង​តំបន់​ទេសភាព​ធម្មជាតិ​ផ្សេងទៀត ​លើ​ខ្នង​ភ្នំគូលែ​ន”។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជួប​សំណេះសំណាល​ ជាមួយ​អាជ្ញាធរ​ដែនដី ដៃគូ​សហការ និង​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់ធំ​ នា​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​កន្លងមក។

លោក​បាន​លើក​ឡើងថា “សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដើរ​តួនាទី​សំខាន់ ​ក្នុង​កិច្ច​ការងារ​ការពារ និង​អភិរក្ស​ព្រៃឈើ​សហគមន៍”។

លើស​ពីនោះ វា​ក៏​ជា​កន្លែង​ដែល​សហគមន៍ ​ត្រូវ​ធ្វើ​ជា​ម្ចាស់ សម្រាប់​ការ​អភិវឌ្ឍ​គោលដៅ​លំហែ​បៃតង ដែល​ត្រូវ​ស្វាគមន៍ ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ តាម​រយៈការ​បោះតង់​សម្រា​ក ​និង​ទស្សនា​ទេសភាព​ធម្មជាតិ ទីតាំង​វប្បធម៌ ប្រវត្តិ​សាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង។

លោករដ្ឋមន្រ្តីបានបន្តថា សហគមន៍តំបន់ការពារធម្មជាតិ នៅលើខ្នងភ្នំគូលែន ជាតំបន់ដែលមាន​ព្រៃ​ឈើ​ក្រាស់ មាន​ទេសភាពស្រស់ស្អាត ហើយអាចឱ្យភ្ញៀវទេសចរណ៍ បោះតង់សម្រាកក្បែរមាត់ទឹក និង​ទស្សនា​ប្រាសាទ​នានា ​ក្នុង​ព្រៃជាច្រើន។

សហគមន៍​តំបន់ការពារធម្មជាតិ​នេះ ត្រូវបាន​​បង្កើតឡើង​នៅ​ឆ្នាំ​២០០១ ដែលមាន​ផ្ទៃដីទំហំ​ប្រហែល៣៦៥​ហិកតា ស្ថិត​នៅក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ។

គិតត្រឹម ឆ្នាំ២០២៤ សហមន៍តំបន់ការពារធម្មជាតិ សរុប​មានចំនួន១៩៣សហគមន៍ ត្រូវបានបង្កើតឡើង ដែលមានសមា​ជិកសរុបចំនួន៧៣,១៤៩គ្រួសារ និងគ្រប​ដណ្តប់​លើ​ផ្ទៃដីព្រៃជាង៣៣ម៉ឺនហិកតា ស្ថិតក្នុងខេត្តចំនួន១៥។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា សហគមន៍ជាង៥០ មានសត្តានុពល ដែលអាចរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ។ ប៉ុន្តែ​នា​ពេល​​​បច្ចុប្បន្ននេះ មានសហគមន៍ប្រមាណ៣០ កំពុងតែដំណើរការ បង្កើត​ចំណូល​ពីទេស​ចរណ៍​ធម្ម​ជាតិ។​

លោក​ ញ៉ន ម៉ុច សមាជិកសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ សង្ឃឹម​ថា ​ជីវភាព​របស់​ប្រជាស​ហគ​មន៍ ​លើ​ខ្ន​ង​ភ្នំ និងប្រសើរឡើង នៅពេលមានសមិទ្ធផលថ្មី​ ដូច​ជា​កន្លែងបោះតង់ និង​ផ្ទះតង់​សម្រាប់​ទេសចរ​អាច​មក​ស្នាក់ លំហែកម្សាន្ត។

លោកបានឱ្យដឹងថា នាពេល​បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើន កំពុងតែចាប់អារម្មណ៍តំបន់នេះ ហើយ​ការ​គាំទ្រ​របស់​ក្រសួងបរិស្ថាន ​​និង​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រជាសហគមន៍បន្ថែមទៀត ដែលពីមុនធ្លាប់ពឹងលើ ធនធាន​ព្រៃ​ឈើ ហើយ​បាន​​ងាក​មកពង្រឹង មុខរបរសេវាកម្មទេសចរណ៍វិញ។

លោកបាននិយាយថា “ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ បានខិតខំរួមគ្នា​ទប់ស្កាត់ ​ការកាប់បំ​ផ្លាញ​ព្រៃ​ឈើ និង​បានចូលរួមដាំដាំឈើឡើងវិញ ដើម្បីបង្កើនគម្របព្រៃឈើផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here