ដោយ: គង់ លាងហួរ
ម៉ានីល: នារយៈពេល៣ខែមកនេះ ចាប់តាំងពីរដ្ឋាភិបាលហ្វីលីពីន បានបញ្ជាឱ្យក្រុមហ៊ុនល្បែងស៊ីសងបរទេស(POGOs)បិទទ្វារ តម្រូវការទីផ្សារការិយាល័យនៅទីក្រុងម៉ានីល បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាន ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១។
នៅត្រីមាសទី៣ ឆ្នាំនេះ ទំហំផ្ទៃក្រឡាការិយាល័យ នៅក្នុងទីក្រុងម៉ានីល ដែលត្រូវបានស្រូបយកដោយទីផ្សារ(Absorption)បានធ្លាក់ចុះចំនួន៣៣.០០០ម៉ែត្រការ៉េ ដោយសារការបញ្ចប់កិច្ចសន្យាជួល ដោយបណ្តាក្រុមហ៊ុនល្បែងស៊ីសងបរទេសនានា។
ស្របពេលដែលបញ្ហានេះ បានបង្កើនក្តីបារម្ភ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍មួយចំនួន ប៉ុន្តែសូចនាករផ្សេងទៀត ដូចជាតម្រូវការបានបង្ហាញ ឱ្យឃើញនូវសញ្ញានៃភាពធន់ ដោយផ្តល់នូវសុទិដ្ឋិនិយម ចំពោះទីផ្សារការិយាល័យ ដ៏មានការប្រកួតប្រជែង។
តម្រូវការការិយាល័យ នៅក្នុងត្រីមាសទី៣ មានដំណើរការល្អប្រសើរ បើធៀបនឹងកម្រិតមធ្យមភាគ ប្រចាំត្រីមាសចំនួន១៧៤.០០០ម៉ែត្រការ៉េ។ ការណ៍នេះបង្ហាញពីតម្រូវការដ៏រឹងមាំ ខណៈបណ្តាក្រុមហ៊ុនបែបប្រពៃណី និងក្រុមហ៊ុន Outsourcing នៅតែបន្តជួលយកទីតាំងទំនេរ។
នៅក្នុងដំណើរការអាជីវកម្ម ពាក្យ“Outsourcing” សំដៅទៅលើការផ្តល់កិច្ចសន្យា លើដំណើរការអាជីវកម្មរបស់ខ្លួន ទៅឱ្យភាគីទីបីបំពេញប្រតិបត្តិការជំនួស។ Outsourcing បានក្លាយជាពាក្យដ៏មានប្រជាប្រិយនៅ សហរដ្ឋអាមេរិក នៅក្នុងរង្វង់ដើមសតវត្សរ៍ទី២១។ Outsourcing រាប់បញ្ចូលទាំងកិច្ចសន្យាជាមួយដៃគូក្នុងប្រទេសផង និងដៃគូនៅបរទេសផងដែរ។
ការណ៍នេះក៏ជាសញ្ញាបង្ហាញថា ការហាមប្រាមមិនឱ្យក្រុមហ៊ុនល្បែងបរទេស បន្តធ្វើអាជីវកម្មនៅហ្វីលីពីន មិនបានកាត់បន្ថយតម្រូវការ ជួលធ្ងន់ធ្ងរពេកនោះទេ ហើយថែមទាំងអាចផ្តល់ឱ្យពួកគេនូវភាពបត់បែន និងជម្រើសកាន់តែច្រើនក្នុងការបំពេញតម្រូវការទំហំការិយាល័យរបស់ខ្លួន។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ អត្រាការិយាល័យទំនេរសរុបនៅទីក្រុងម៉ានីល (Metro Manila) បានកើនឡើងដល់អត្រា១៨,៥ភាគរយ បើធៀបនឹងអត្រាចំនួន១៨,៣ភាគរយ នៅក្នុងត្រីមាសទី២។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines។
ថ្វីបើមានការព្រួយបារម្ភ អំពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារការិយាល័យយ៉ាងណាក្តី ក៏ក្រុមអ្នកវិភាគនៅតែសង្កេតឃើញមានសូចនាករវិជ្ជមាន និងឱកាសស្វែងរកកំណើន។
តួយ៉ាង អ្នកអភិវឌ្ឍន៍នឹងមានឱកាស បង្កើនការផ្តល់ជូនការិយាល័យរបស់ពួកគេ និងពន្លឿនការស្ថាបនាគម្រោង ដែលមានស្រាប់។ សំខាន់ជាងនេះទៀត តម្រូវការនៅតែបន្តមានភាពធន់។
ផ្ទុយទៅវិញ ការប៉ាន់ស្មានដែលថា តម្រូវការនឹងដាំក្បាលចុះដល់ចំណុចសូន្យ ដែលជាសេណារីយ៉ូដ៏អាក្រក់បំផុត មិនបានកើតឡើងនោះទេ ដោយសារការបន្តកិច្ចព្រមព្រៀងជួលការិយាល័យ ពីសំណាក់បណ្តាអាជីវកម្មបែបប្រពៃណី និងក្រុមហ៊ុន Outsourcing បានជួយជំរុញប៉ះប៉ូវតម្រូវការ៕ប្រភព: BusinessWorld Online៕