ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា វៀតណាមសម្រេចបានទឹកប្រាក់ជាង៦៤០០លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​វៀតណាម​បាន​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់ ដោយ​ក្នុង​រយៈ​ពេល១០ ​ខែ​ដើម​ឆ្នាំ ​២០២៤ សម្រេច​បាន​ជាង៦,៤ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ២០​ភាគរយ។

យោង​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ ​រវាង​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប ៦ ៤១៩,៣៦ ​លាន​ដុល្លារ កើន​ឡើង២១,៧ ​ភាគរយ​ពី​ចំនួន ៥ ២៧៦,៨៦ ​លាន​ដុល្លារ​នា​រយៈពេល១០​ខែ​ ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វៀតណាម​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ធំ​ទី ៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

ទំហំពាណិជ្ជកម្មខាងលើ គឺ​កម្ពុជា​នាំ​ទៅ​វៀតណាម មាន​ទឹកប្រាក់​២៩៦៧,៨១ ​លាន​ដុល្លារ កើន​៣១,២ភាគរយ​ និង​ទំនិញ​វៀតណាម ​នាំ​ចូល​មក​កម្ពុជា៣៤៥១,៥៥ ​លាន​ដុល្លារ កើន​១៤,៤ ភាគរយ។

ប្រទេស​វៀតណាម គឺ​ជា​ទីផ្សារ​ធំ​ទី២ ដែល​ទទួល​ទិញ​ទំនិញ​កម្ពុជា ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ស្ថិត​នៅ​លេខ២ផង​ដែរ​ជា​ប្រទេស ​ដែល​នាំ​ទំនិញ​ច្រើន​ចូល​មក​កម្ពុជា ​បន្ទាប់​ពី​ប្រទេស​ចិន។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា លក្ខខណ្ឌ​ទីតាំង​ភូមិសាស្រ្ត និង​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត បាន​ធ្វើ​ឱ្យ​លំហូរ​ទំនិញ​ឆ្លង​ដែន ​រវាង​ប្រទេស​ទាំង២ រក្សា​បាន​សញ្ញា​វិជ្ជ​មាន​ជា​បន្តបន្ទាប់​ បើ​ទោះ​ក្នុង​កាលៈទេសៈ​ពិភពលោក​ ជួប​នឹង​វិបត្តិ​ក៏​ដោយ។​

លោក​បន្ត​ថា ដោយសារ​ប្រទេស​វៀតណាម ​មាន​ធនធាន​ផលិតកម្ម និង​រោងចក្រ​កែច្នៃ​ច្រើន​ជាង​កម្ពុជា ដូច្នេះ​លំហូរ​ទំនិ​ញ​កម្ពុជា ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ភាគ​ច្រើន​ជា​ផលិ​តផល​កសិកម្ម​មិន​ទាន់​កែច្នៃ ខណៈ​ទំនិញ​ដែល​វៀតណាម​នាំ​មក​កម្ពុជា គឺ​ជា​ផលិតផល​សម្រេច និង​គ្រឿង​ម៉ាស៊ីន​មួយ​ចំនួន”។

លោក​បាន​ពន្យល់​ថា សម្រាប់​មូល​ហេតុ​ ដែល​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា ​បន្ត​មាន​ឱនភាព​ជាមួយ​វៀតណាម គឺវា​មិន​មែន​ជា​បញ្ហា ​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​ទេ ពីព្រោះ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​តែងតែ​មាន​ស្ថានភាព​បែប​នេះ ដោយ​ទំនិញ​កម្ពុជា​នាំ​ចេញ ​ទៅ​គោល​ដៅ​ប្រទេស​ខ្លះ ​មាន​ចំនួន​ច្រើន(សហរដ្ឋអាមេរិ និង​តំបន់​អ៊ឺរ៉ុប) ប៉ុន្តែ​ការ​នាំ​ចូល​មក​វិញ​មាន​ចំនួន​ទឹក​ប្រាក់​តិច​តួច​ប៉ុណ្ណោះ។

ក្នុង​គោល​បំណង​រឹត​ចំណង ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង២ ប្រធាន​រដ្ឋសភា​នៃ​សាធា​រណរដ្ឋ​សង្គម​និយម​វៀតណាម លោក Tran Thanh Man កំពុង​ដឹកនាំ​គណ:​ប្រតិភូ​ជាន់​ខ្ពស់ ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២១-​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Tran Thanh Man គ្រោង​នឹង​ជួប​សវនាកា​ជាមួយ សម្តេច​ប្រធាន​រដ្ឋសភា​កម្ពុជា លោកជំទាវឃួន សុដារី ណប្រធាន​ព្រឹទ្ធសភាលោក ហ៊ុន សែន, នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេចបវរធិបតីហ៊ុន ម៉ាណែតជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here