(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យសម្រាប់តាមដានការអនុវត្តវិធានការនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលស្ថិតក្នុងក្រុមការងារតាមវិស័យទាំង១៦ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, តំណាងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងក្រុមការងារ CAPRED សរុបចំនួន៨១នាក់។ គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះមានចំនួន៤ ក្នុងនោះរួមមាន៖ ទី១-ចែករំលែកអំពីកិច្ចដំណើរការ និងបែបបទការងារក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ទី២-បញ្ជ្រាបការយល់ដឹកអំពីកិច្ចដំណើរការ និងរបៀបរបបក្នុងការប្រើប្រាស់ប្រព័ន្ធតាមដានវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF Monitoring System), ទី៣-ចែករំលែកអំពីវិធីសាស្ត្រក្នុងការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការអនុវត្តវិធានការ និងសេចក្ដីសម្រេចនានាក្នុងប្រព័ន្ធតាមដាន និង ទី៤-សាកល្បងការបញ្ចូលទិន្នន័យវឌ្ឍនភាពនៃការអនុវត្តវិធានការ និងសេចក្ដីសម្រេចនៅក្នុងប្រព័ន្ធតាមដាន។
មានមតិក្នុងពិធីដ៏មនោរម្យខាងលើ ឯកឧត្ដមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ភាគីពាក់ព័ន្ធដែលបានអញ្ជើញចូលរួមនាឱកាសនេះ និងបានជម្រាបជូនអំពីសាវតារនៃការរៀបចំយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ប្រវត្តិនៃការរៀបចំតារាងម៉ាទ្រីសចងក្រងវិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនក្នុងអំឡុងឆ្នាំ២០០៩ និងវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំលេចអំពីដំណើរការនៃការរៀបចំ និងអភិវឌ្ឍន៍ប្រព័ន្ធ G-PSF Monitoring System សំដៅធ្វើយ៉ាងណាបង្កើននូវប្រសិទ្ធភាពនៃយន្តការតាមដាន និងគ្រប់គ្រងទិន្នន័យវឌ្ឍនភាពនៃការអនុវត្តវិធានការរបស់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីអាចប្រើប្រាស់ជាធាតុចូលសម្រាប់វិភាគតាមបែបបរិមាណវិស័យ និងរំលេចក្នុងរបាយការណ៍គោរពរាយការណ៍ជូនរាជរដ្ឋាភិបាលឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព, គណនេយ្យភាព និងគ្រប់ជ្រុងជ្រោយ។
ជាកិច្ចបន្ទាប់ លោក កែន ដាវីត ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារ CAPRED បានធ្វើបទបង្ហាញស្តីពីសាវតារ និងកិច្ចដំណើរការនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដំណើរការ និងការប្រើប្រាស់ប្រព័ន្ធ G-PSF Monitoring System។
ជាទិដ្ឋភាពរួម សិក្ខាសាលាខាងលើបានប្រព្រឹត្តទៅដោយមានការចូលរួមចែករំលែកនូវបទពិសោធយ៉ាងផុលផុសទៅវិញទៅមកពីសំណាក់វាគ្មិនកិត្តិយស ព្រមទាំងសមាសភាពពាក់ព័ន្ធអញ្ជើញចូលរួម ដែលបានអនុញ្ញាតឱ្យមានការពង្រឹង និងពង្រីកនូវចំណេះដឹងបន្ថែមមួយកម្រិតទៀតពាក់ព័ន្ធទៅនឹងកិច្ចដំណើរការ, បែបបទការងារនៅក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ការគ្រប់គ្រងប្រព័ន្ធតាមដាន ជាពិសេសវិធីសាស្ត្រនានាក្នុងការបញ្ចូលទិន្នន័យ និងការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការអនុវត្តវិធានការ និងសេចក្ដីសម្រេចនៅក្នុងប្រព័ន្ធតាមដាននេះផងដែរ។