ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់មីស៊ីលផ្លោងនៅអ៊ុយក្រែន និងបានព្រមានអំពីការផ្ទុះជម្លោះកាន់តែធំ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភចំពោះការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឆៅ។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១៤សេន ឬ០,២%ដល់៧៤,៣៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0007 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង១៧សេនដល់៧០,២៧ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សង្រ្គាមនៅអ៊ុយក្រែនកំពុងវិវត្តន៍ទៅជាជម្លោះសកល បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេដើម្បីវាយប្រហារចូលទៅកាន់ទឹកដីរុស្ស៊ី។
លោកពូទីន បានបន្ថែមថា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋបាលរបស់ប្រធានាធិបតីលោកចូបៃដិន អ៊ុយក្រែនបានបាញ់មីសុីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦គ្រាប់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ព្រមទាំងមីស៊ីល Storm Shadow របស់អង់គ្លេស និងមីសុីល HIMARS ផលិតដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែវិច្ឆិកា៕