ដោយ: គង់ លាងហួរ
អន្តរជាតិ: សន្ទុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងបន្តធ្លាក់ចុះ បើទោះបីជារដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចជាច្រើននាពេលថ្មីៗនេះយ៉ាងណាក្តី។
វិធានការនានាជាច្រើន ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍នាពេលកន្លងមក ហាក់មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្លាស់ប្ដូរនិន្នាការដាំក្បាលចុះ នៃសេដ្ឋកិច្ចចិននោះទេ ខណៈទីក្រុងប៉េកាំង គ្រោងចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹងវិបត្តិនេះ។
ខាងក្រោមនេះជាឧបសគ្គធំៗចំនួន៣ ដែលបាននិងកំពុងគំរាមកំហែង ដល់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន៖
ទី១: ភាពមិនច្បាស់លាស់
បច្ចុប្បន្ន ប្រទេសចិនកំពុងតែប្រឈមមុខ នឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង លើសពីបញ្ហាអចលនទ្រព្យទៅទៀត។ ទីផ្សារនៅតែមានភាពមិនប្រាកដប្រជា ទោះបីជាវិធានការជាច្រើនត្រូវបានប្រកាសដាក់ចេញជាបន្តបន្ទាប់ ដូចជា ការកាត់បន្ថយអត្រាការប្រាក់ និងការបន្ធូរបន្ថយការរឹតបន្តឹង លើការទិញផ្ទះយ៉ាងណាក្តី។
តាមរយៈកិច្ចប្រជុំសភាប្រជាជនចិន ទីក្រុងប៉េកាំងមានគោលបំណងរៀបចំផែនការ ជំនួយសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំថ្មីមួយ ដើម្បីស្តារកំណើនសេដ្ឋកិច្ច របស់ប្រទេសចិនឱ្យស្ទុះងើបឡើងមកវិញ។
ក្រុមអ្នកវិភាគសង្ឃឹមថា ផែនការនេះនឹងរួមបញ្ចូលការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំ ជាពិសេសការបោះទុនវិនិយោគដើម្បីជួយដល់សហគមន៍មូលដ្ឋាន និងបណ្តាធនាគារ ដែលកំពុងជួបប្រទះ នឹងបញ្ហាកំណើននៃប្រាក់កម្ចី មិនដំណើរការ(Non-performing loan)។
ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមនៅតែបន្តកើតមានដូចជា ប្រជាជនចិនបន្តសន្សំប្រាក់ និងកាត់បន្ថយការចំណាយ ហើយបំណុលសាធារណៈ នៅតែបន្តកើនឡើងជាលំដាប់។ ដូច្នេះ រដ្ឋាភិបាលចិន អាចនឹងបញ្ចេញកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជំរុញសន្ទុះ នៃការចាយវាយរបស់ប្រជាជនចិន។ ប៉ុន្តែ ភាពមិនច្បាស់លាស់ នៅតែមានកម្រិតខ្ពស់ ដោយសារប្រសិទ្ធភាពនៃការងើបឡើងវិញនេះ។
ទី២: វិបត្តិទីផ្សារអចលនទ្រព្យ
វិបត្តិអចលនទ្រព្យ កំពុងបន្តជះផលអាក្រក់ មកលើសេដ្ឋកិច្ចចិន។ គិតចាប់តាំងពីទីក្រុងប៉េកាំង ដាក់ចេញវិធានការរឹតបន្តឹងលក្ខខណ្ឌផ្តល់ឥណទាន ដល់អ្នកអភិវឌ្ឍន៍ក្នុងឆ្នាំ២០២០ គម្រោងការដ្ឋានសំណង់អចលនទ្រព្យជាច្រើន នៅក្នុងប្រទេសចិនបានជាប់គាំង ដោយបានធ្វើឱ្យតម្លៃអចលនទ្រព្យដាំក្បាលចុះ។
ការធ្លាក់ចុះនេះ បានធ្វើឱ្យប្រជាជនចិន មិនហ៊ានប្រថុយដាក់ដើមទុនវិនិយោគ លើទីផ្សារអចលនទ្រព្យ ខណៈតម្លៃលំនៅដ្ឋាននៅតែបន្តប្រែប្រួល ដោយគ្មានស្ថិរភាពនៅឡើយ។
ដើម្បីស្តារវិស័យដ៏សំខាន់នេះ ទីក្រុងប៉េកាំងបានប្រកាសអំពីផែនការបង្កើនការផ្តល់ឥណទាន ដល់អ្នកអភិវឌ្ឍន៍ឡើងវិញ ដើម្បីបញ្ចប់ការសាងសង់គម្រោងជាប់គាំង។ ទោះបីជាតម្លៃអចលនទ្រព្យ កំពុងបង្ហាញសញ្ញា នៃការងើបឡើងវិញសន្សឹមៗយ៉ាងណាក្តី ក៏ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស ចិននៅតែមានភាពផុយស្រួយ។
ទី៣: ឥទ្ធិពលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក
ស្របពេលជាមួយគ្នានេះ លទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិក ក៏ជះឥទ្ធិពលមកលើយុទ្ធសាស្ត្រ របស់ទីក្រុងប៉េកាំងផងដែរ។ ជ័យជម្នះរបស់លោកដូណាល់ ត្រាំ ជាបញ្ហាចោទដ៏សំខាន់។ លោកត្រាំអាចបង្កើនការដាក់សម្ពាធ លើប្រទេសចិន តាមរយៈការយកពន្ធខ្ពស់ ទៅលើការនាំចូលទំនិញគ្រប់មុខទាំងអស់ពីចិន ដែលជាដៃគូប្រជែងដ៏មានសក្តានុពល។
នៅក្នុងបរិបទនេះ ក្រុមសេដ្ឋវិទូប៉ាន់ប្រមាណថា ប្រទេសចិន អាចនឹងត្រូវបង្ខំចិត្តពង្រឹង ផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់ខ្លួនបន្ថែមទៀត ដើម្បីទប់ទល់នឹងការប៉ះទង្គិចខាងក្រៅដែលអាចកើតមាន ក្រោមសម្ពាធពីរដ្ឋបាលថ្មីរបស់លោកដូណាល់ត្រាំ៕ប្រភព: Cointribune៕