ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារការព្រួយបារម្ភអំពីហានិភ័យនៃការផ្គត់ផ្គង់ប្រេង នៅពេលលោកដូណាល់ត្រាំឡើងកាន់តំណែងប្រធានាធិបតីជាផ្លូវការម្ដងទៀតនៅខែមករា ឆ្នាំក្រោយ។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង២៦សេន ឬ០,៣៥% ដល់៧៥,១៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0125 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediateបានកើនឡើង១៦សេន ឬ០,២២%ដល់៧១,៨៥ដុល្លារក្នុងមួយបារ៉ែល។
លោក ដូ ណាល់ត្រាំ ត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធទណ្ឌកម្មជាអតិបរមាលើប្រេងរបស់អុីរ៉ង់។ ការណ៍នេះនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងចំនួន១លានបារ៉ែលក្នុងមួយថ្ងៃ។
ជាមួយគ្នានេះ នៅភាគខាងជើងនៃសហរដ្ឋអាមេរិក ព្យុះកំណាច Rafael បានវិវត្តន៍ជាព្យុះសង្ឃរាប្រភេទទី៣ កាលពីថ្ងៃពុធ ខណៈផលិតកម្មប្រេងឆៅ ប្រហែល៣០៤.៤១៨បារ៉ែលក្នុងមួយថ្ងៃ នៅឈូងសមុទ្រម៉ិកស៊ិកត្រូវបានផ្អាកជាបណ្តោះអាសន្ន៕