ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅព្រឹកថ្ងៃពុធនេះ ដោយសារការស្ទុះងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ខណៈការទស្សន៍ទាយលទ្ធផលឈ្នះ-ចាញ់រវាងបេក្ខជនបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris និងបេក្ខជនបក្សសាធារណរដ្ឋលោក Donald Trump នៅតែមានភាពមិនច្បាស់លាស់។
តួយ៉ាង តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ០,៣៥សេន ឬ០,៤៦%មកនៅត្រឹម៧៥,១៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0132 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediateរបស់អាមេរិកបានធ្លាក់ចុះ២៧សេន ឬ០,៤%ដល់៧១,៧២ដុល្លារក្នុងមួយបារ៉ែល។
លោក Warren Patterson អ្នកជំនាញផ្នែកយុទ្ធសាស្ដ្រនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ING Group បានលើកឡើងថា “តម្លៃប្រេងហាក់កំពុងធ្លាក់ចុះ ដោយសារតែការស្ទុះងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក”។
គិតត្រឹមម៉ោង១:៣៧នាទីថ្ងៃត្រង់ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៥,២២ពិន្ទុ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៣,៤២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕