ទំនិញកម្ពុជាជាង១០០មុខត្រូវបានដាក់បង្ហាញក្នុងពិព៌ណ អន្តរជាតិនៅទីក្រុងសៀងហៃ

ដោយៈ និស្ស័យ

       ប្រទេសចិនៈ មន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយកផលិត​ផលគុណភាពខ្ពស់កម្ពុជាជាង១០០មុខ ចូលរួមដាក់តាំងបង្ហា​ញ ក្នុងពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀងហៃ ប្រទេសចិន។

ផលិតផលកម្ពុជាជាង១០០មុខរួមមាន អង្ករ គ្រាប់ស្វាយ​ចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំយកផលិតផលកម្ពុជា ទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លា​ជាតិកម្ពុជា ក្រោមអធិបតីភាពលោកណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគ្គសម័យថ្មី អនាគតរួម – New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃ សាធារណរដ្ឋប្រ​ជា​មានិតចិន ដែលមានប្រទេសចូលរួម សរុបចំនួន១៦០ប្រទេស។

ក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិកម្ពុជាទំហំ ១៣២ ម៉ែត្រក្រឡា តាមរចនាបទកម្ពុជា ក្នុងយុគ្គសម័យទំនើប ដោយផ្អែកលើគោលគំនិតរចនា “នវានុវត្តន៍ឆ្ពោះទៅរកអនាគត, វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ធ្វើឱ្យជីវិតកាន់តែប្រសើរ”។ ពន្លាជាតិកម្ពុជា បានតម្លើងយ៉ាងប្រណីត ដោយបែងចែកជា៤តំបន់ រួមមាន ទី១. តំបន់តាំងបង្ហាញផលិតផល គុណភាពខ្ពស់កម្ពុជា៖ សម្រាប់ដាក់តាំងបង្ហាញ ផលិតផល ដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រណីត និងមានស្តង់ដារអណាម័យ ទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិជាង១០០មុខ។

ទី២ តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយស្ថានភាព និងសក្តាលនុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍ របស់កម្ពុជា។

ទី៣ តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការ ធុរកិច្ច ជាមួយក្រុមហ៊ុន ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ, និងទី៤. តំបន់ផ្តល់ព័ត៌មាន និងភ្លក់រសជាតិ៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម និងភ្លក់រសជាតិ គ្រាប់ស្វាយចន្ទី កាហ្វេមណ្ឌលគិរី មីជាតិ និងបាយអង្ករសែនក្រអូប។

បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្របសម្រួលក្រុមហ៊ុនចំនួន១១ ដើម្បីចូលរួមដាក់តាំងបង្ហាញ ផលិតផល នៅតំបន់ស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងពន្លាជាតិកម្ពុជា នាព្រឹត្តិ​ការណ៍ពិព័រណ៍នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here