ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកសេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូចុះប្រកាស កែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ស្ថានីយ៍ទាំងនោះ រួមមាន ស្ថានីយជញ្ជីងអចល័តរលួស ខេត្តសៀមរាប ស្ថានីយជញ្ជីងអចល័តខែលជ័យ ខេត្តកំពង់ចាម ស្ថានីយជញ្ជីងអចល័តព្រៃព្នៅ ខេត្តព្រៃវែង ស្ថានីយជញ្ជីងអចល័តថ្នល់កែង ខេត្តកំពង់ចាម ស្ថានីយជញ្ជីងអចល័តដំណាក់ចង្អើរ ខេត្តកែប និងស្ថានីយជញ្ជីងអចល័តកំពង់ទួល ខេត្តកណ្តាល។
គោលបំណងនៃការកែសម្រួល សមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គឺដើម្បីពង្រឹងយន្តការអនុវត្តការងារ របស់មន្ត្រីតាមស្ថានីយនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសដល់មន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដល់មន្ត្រីថ្មីៗបន្ថែមទៀត។
ទន្ទឹមនឹងនេះ មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការទប់ស្កាត់បទល្មើស នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងន៍ត្រឹមត្រូវតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ច ក្នុងស្ថានីយជញ្ជីងអចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយ៍ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត។
ថ្លែងក្នុងពិធី លោកសសេង ឈួនបានផ្តាំផ្ញើដល់មន្រ្តីដែលបានកែសម្រួលសមាសភាពថ្មី ក៏ដូចជាមន្រ្តីចាស់ទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់ បទល្មើសដឹកជញ្ជូនលើសទម្ងន់ទាំងក្នុងស្ថានីយ និងជុំវិញស្ថានីយ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវនាំយករថយន្ត ដឹកលើកទម្ងន់មកថ្លឹងនៅស្ថានីយ ឬក៏សហការជាមួយ ក្រុមត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួង។
លោកក៏បានណែនាំដល់មន្រ្តីទាំងអស់ កុំប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួន ក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ និងត្រូវសហការគ្នា និងប្រកាន់ខ្ជាប់តួនាទីភារកិច្ចរៀងៗខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា៕