ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង១ដុល្លារនៅក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីក្រុមសម្ព័ន្ធមិត្ត និងអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC+) បានប្រកាសឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា អង្គការនឹងពន្យារពេលក្នុងការបង្កើនទិន្នផលនៃការផលិតប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,១៨ដុល្លារ ឬ១,៦១% ដល់៧៤,២៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0121 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១,២ដុល្លារ ឬ១,៧៣% ដល់៧០,៦៩ដុល្លារក្នុងមួយបារ៉ែល។
ដើមឡើយ ស្ថាប័ន OPEC+ ដែលរាប់បញ្ចូលទាំងអង្គការនៃប្រទេសនាំចេញប្រេង បូកនឹងរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀត គ្រោងបង្កើនទិន្នផលប្រេងចំនួន១៨០.០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែធ្នូ។ ប៉ុន្តែ កាលពីចុងសប្តាហ៍ ស្ថាប័នខាងលើបានសម្រេចលើកពេលវេលាក្នុងការបង្កើនទិន្នផលប្រេងទៅកាន់ខែមករា ឆ្នាំ២០២៥។
នៅសប្តាហ៍នេះ ទីផ្សារកំពុងរង់ចាំមើលការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃអង្គារ។ ក្នុងនោះ អនុប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris និងអតីតប្រធានាធិបតីលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ នឹងប្រកួតប្រជែងគ្នាដណ្តើមកៅអីសេតវិមាន៕