ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងនៅព្រឹកថ្ងៃសុក្រនេះ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អុីរ៉ង់កំពុងត្រៀមបើកការវាយប្រហារសងសឹកលើអុីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់កិច្ចសន្យាចែកចាយលក់នៅខែមករា ឆ្នាំ២០២៥ខាងមុខ បានកើនឡើង១,៣១ដុល្លារ ឬ១,៨%ដល់៧៤,១២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0128 GMT។
រីឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures បានកើនឡើង១,៣៥ដុល្លារ ឬ១,៩៥%ដល់៧០,៦១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង០,៩៥ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ក្រុមចារកិច្ចអុីស្រាអែលបានទម្លាយឱ្យដឹងថា អុីរ៉ង់កំពុងត្រៀមរៀបចំបើកការវាយប្រហារលើអុីស្រាអែលចេញពីទឹកដីអុីរ៉ាក់នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ ឬអាចមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកា។
ដំណឹងនេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Axios ដោយដកស្រង់ចេញពីប្រភពចំនួន២របស់អុីស្រាអែល ដែលសុំមិនបញ្ចេញឈ្មោះ។
យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Axios បានឱ្យដឹងបន្ថែមថា ការវាយប្រហារនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងចេញពីប្រទេសអ៊ីរ៉ាក់ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងមួយចំនួនធំ៕