តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមលើតម្រូវការប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក គួបផ្សំនឹងសេចក្តីរាយការណ៍ ដែលថា អង្គការ OPEC + អាចពន្យារពេលចំពោះផែនការបង្កើនទិន្នផលផលិតកម្មប្រេងរបស់ខ្លួន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៥សេន ឬ០,៥% ដល់៧២,៩០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0029 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើតឡើង៣២សេនដល់៦៨,៩៣ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅទាំងពីរប្រភេទនេះបានកើនឡើងជាង២ភាគរយ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានធ្លាក់ចុះជាង៦% កាលពីដើមសប្តាហ៍នេះ ដោយសារការបន្ធូរបន្ថយហានិភ័យនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអុីស្រាអែលសម្រេចចិត្តមិនវាយប្រហារលើគោលដៅនុយក្លេអ៊ែរ និងគោលដៅប្រេងរបស់អុីរ៉ង់ក្នុងអំឡុងពេលនៃប្រតិបត្តិការសងសឹករបស់អុីស្រាអែលកាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ ការកើនឡើងនៃតម្លៃប្រេងឆៅនាពេលនេះបានកើតមានឡើង បន្ទាប់ពីរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានរាយការណ៍ថា ស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងសប្តាហ៍មុន ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ ខណៈស្តុកប្រេងឆៅក៏បានបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ខណៈការនាំចូលបានធ្លាក់ចុះ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារពត៌មាន Reuters បានរាយការណ៍ថា អង្គការបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តផ្សេងទៀតដូចជារុស្ស៊ី (OPEC+) អាចពន្យារពេលចំនួនមួយខែ ឬច្រើនជាងនេះក្នុងការបង្កើនផលិតកម្មប្រេង បើធៀបនឹងផែនការដំបូង ដែលគ្រោងបង្កើនការផលិតនៅខែធ្នូ ឆ្នាំ២០២៤។

អង្គការខាងលើគូសបញ្ជាក់ថា ការពន្យារពេលនេះ កើតឡើងដោយសារតែការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការប្រេង និងកំណើននៃការផ្គត់ផ្គង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here