(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ គណៈប្រតិភូចិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរ សំដៅស្វែងយល់អំពីគោលនយោបាយពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម តម្រូវការទីផ្សារ បរិយាកាសវិនិយោគ និងធនធានកសិកម្មនៅកម្ពុជា ដើម្បីចាប់ឱកាសភាពជាដៃគូកិច្ចសហការវិស័យឯកជនរវាងកម្ពុជា-ចិន (ខេត្តក្វាងស៊ី)។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការលើកទឹកចិត្តទាំងឡាយដែលមានចែងក្នុងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះផ្នែកពន្ធដារ ការប្រើប្រាស់ដីធ្លី វិស័យអាទិភាពសម្រាប់វិនិយោគ និងទំនិញសក្ដានុពលនៅកម្ពុជា។ល។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគីចិនជួយនាំ ទំនិញពីកម្ពុជា ជាពិសេសកសិផល មានដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ ទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគីចិន ពិចារណារៀបចំសមាសភាពប្រតិភូតាមវិស័យមកជួបពិភាក្សាផ្ទាល់ជាមួយដៃគូនៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកក្រោយ ដែលនោះជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរអាចពិភាក្សា និងចុះកិច្ចសន្យាធ្វើធុរកិច្ចជាក់ស្ដែងជាមួយគ្នាបាន ផងដែរ៕