តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃអង្គារនេះ ដោយសារតែសហរដ្ឋអាមេរិកគ្រោងទិញប្រេងដើម្បីចាក់បំពេញទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ខណៈក្រុមវិនិយោគិននៅតែបន្តផ្តោតលើស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៤៤សេន ឬ០,៦%ដល់៧១,៨៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0025 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៤៥សេន ឬ០,៧%ដល់៦៧,៨៣ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅទាំងពីរប្រភេទបានធ្លាក់ចុះ៦% កាលពីថ្ងៃច័ន្ទម្សិលមិញ ដោយឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី១ ខែតុលា បន្ទាប់ពីការវាយប្រហារសងសឹករបស់អុីស្រាអែលកាលពីចុងសប្តាហ៍មុនបានបញ្ចៀសហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អុីរ៉ង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ភាពតានតឹងនៅតែមានកម្រិតខ្ពស់ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក Esmaeil Baghaei បានអះអាងកាលពីថ្ងៃច័ន្ទថា អុីរ៉ង់នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អុីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅ។

ដោយឡែក សហរដ្ឋអាមេរិកបានប្រកាសពីផែនការទិញប្រេងចំនួន៣លានបារ៉ែលដើម្បីបំពេញទុនបម្រុងយុទ្ធសាស្ដ្រ (SPR) សម្រាប់បញ្ចេញចែកចាយដល់ខែឧសភា ឆ្នាំ២០២៥។ ការទិញនេះនឹងធ្វើឱ្យរដ្ឋាភិបាលអាមេរិកនៅសេសសល់មូលនិធិតិចតួចក្នុងការទិញប្រេងបន្ថែមទៀត រហូតទាល់តែសភាអនុម័តកញ្ចប់ថវិកាថ្មី។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​អុីរ៉ង់​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​អំពីផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​អុីរ៉ង់ប្រព្រឹត្ត​អំពើ​ឈ្លានពាន​បន្ថែម​ទៀត​ប្រឆាំង​នឹង​អុីស្រាអែល ឬ​ពលរដ្ឋ​អាមេរិក​នៅ​តំបន់មជ្ឈិមបូព៌ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here