ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះជាង៣ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈការវាយប្រហារសងសឹករបស់អុីស្រាអែលទៅលើអុីរ៉ង់កាលពីចុងសប្តាហ៍ បានបញ្ចៀសទីតាំងផលិតប្រេង និងរោងចក្រនុយក្លេអ៊ែររបស់ទីក្រុង Tehran និងមិនរំខានដល់ការផ្គត់ផ្គង់ថាមពល។
គិតត្រឹមម៉ោងសកល 0139 GMT តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣,៣៥ដុល្លារ ឬ៤,៤%មកនៅត្រឹម៧២,៧ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក WTI futuresបានធ្លាក់ចុះ៣,២៧ដុល្លារ ឬ៤,៦% មកនៅត្រឹម៦៨,៥១ដុល្លារក្នុងមួយបារ៉ែល។
យន្តហោះចម្បាំងអុីស្រាអែលជាច្រើនគ្រឿងបានបញ្ចប់ការវាយប្រហារចំនួន៣លើកទៅលើរោងចក្រមីស៊ីល និងទីតាំងផ្សេងទៀតនៅជិតទីក្រុងតេហេរ៉ង់(Tehran) និងនៅភាគខាងលិចប្រទេសអុីរ៉ង់។ការវាយប្រហាររបស់អុីស្រាអែលបានជៀសវាងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អុីរ៉ង់។
លោក Vivek Dhar អ្នកវិភាគនៅធនាគារ Commonwealth Bank of Australia រំពឹងថា ទីផ្សារនឹងបង្វែរការយកចិត្តទុកដាក់ទៅកាន់កិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hamas ដែលគាំទ្រដោយអុីរ៉ង់ ខណៈកិច្ចចរចាបានចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍មុន៕