ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា ដែលជាតំបន់ផលិតប្រេងលំដាប់កំពូលរបស់ពិភពលោក ហើយបរាជ័យនៃកិច្ចចរចាស្វែងរកបទឈប់បាញ់នៅតំបន់ Gaza នាពេលកន្លងមក បានបន្តបង្កជាក្តីបារម្ភដល់ក្រុមអ្នកវិនិយោគ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៤៦សេន ឬ០,៦%ដល់៧៤,៨៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0036 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៤៣សេន ឬ០,៦%ដល់៧០,៦២ដុល្លារក្នុងមួយបារ៉ែល។
បច្ចុប្បន្ន ក្រុមពាណិជ្ជករប្រេងកំពុងរង់ចាំមើលចំណាត់ការឆ្លើយតបរបស់អុីស្រាអែលចំពោះការវាយប្រហារដោយមីស៊ីលរបស់អុីរ៉ង់កាលពីថ្ងៃទី១ ខែតុលា ដែលអាចឈានទៅដល់ការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ទីក្រុង Tehran និងបង្អាក់ការផ្គត់ផ្គង់ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា អុីស្រាអែលនឹងដាក់គោលដៅវាយប្រហារតែលើយោធាអុីរ៉ង់ មិនមែននុយក្លេអ៊ែរ ឬប្រេងយ៉ាងណាក្តី។
ក្រុមមន្ត្រីអាមេរិក និងអុីស្រាអែលគ្រោងនឹងចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ឡើងវិញ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សានារយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈការចរចាកាលពីលើកមុនដើម្បីឈានដល់កិច្ចព្រមព្រៀងមួយបានបរាជ័យ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកមិនចង់ឱ្យយុទ្ធនាការវាយលុករបស់អុីស្រាអែលនៅក្នុងប្រទេសលីបង់បន្តអូសបន្លាយនោះទេ ខណៈប្រទេសបារាំងបានអំពាវនាវឱ្យមានបទឈប់បាញ់ និងផ្តោតលើយុទ្ធសាស្ដ្រការទូត៕