កម្ពុជាពង្រីកការផ្សព្វផ្សាយពីសិល្បៈក្បាច់គុនល្បុកតោទៅកាន់ប្រទេសចិន

ដោយៈ គង់ ម៉ាលីនណា

       ប្រទេសចិនៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការផ្សព្វផ្សាយក្បាច់គុនល្បុកតោ ទៅកាន់ប្រទេសចិន និងអន្យតរជាតិ ដើម្បីបង្ហាញពីមុខមាត់កម្ពុជាលើឆាកអន្តរជាតិផង និងទាក់ទាញភ្ញៀវទេសចរណ៍ផង។

ជាក់ស្តែងនៅប្រទេសចិន កាលពីចុងសប្តាហ៍មុន មានមនុស្ស​យ៉ាង​ហោច​ណាស់៣​ម៉ឺន​នាក់ ​បាន​ទស្សនា​ផ្ទាល់​ការ​សម្ដែង​​រួម​គ្នា ​នៃ​ក្បាច់គុន​​ល្បុក្កតោ​របស់​ខ្មែរ​ និង​ក្បាច់​គុន​សៅលីញ​របស់​ចិន​ នៅ​ខេត្ត​ហឺណាន ប្រទេស​ចិន ក្នុង​ពិធីបុណ្យ​ក្បាច់​គុន​សៅលីញ​ វូស៊ូ​ អន្តរជាតិ​លើក​ទី១៣ កាល​ពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​មុខ​ព្រះវិហារ​សៅលីញ​ ក្នុង​តំបន់ Dengfeng ដែល​ជា​ទី​ចាប់​កំណើត​នៃ​ក្បាច់​គុណ កុងហ្វូ របស់​ចិន។

រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ លោកហួត ហាក់បាន​ថ្លែងកាលពី​ថ្ងៃ​ទី២០ ខែ​តុលា ​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ​ប្រកប​ដោយ​មោទក​ភាព​ក្រៃ​លែង និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​មាន​ការ​សម្ដែង​ក្បាច់​គុន​ពី​ប្រទេស​ផ្សេង​ ធ្វើ​នៅ​មុខ​ក្លោងទ្វារ​ព្រះវិហារ​សៅលីញ”។

ការ​សម្ដែង​គុនល្បុក្កតោ​ នៅ​វិហារ​សៅលីញ​ នេះ​គឺ​ជា​ប្ដូរ​ការ​សម្ដែង​នៃ​ព្រឹត្តិការណ៍ “នៅ​ពេល​សៅលីញ​ ជួប​ល្បុក្កតោ” ដែល​ធ្វើ​ឡើង​លើក​ទី១ នៅ​ខេត្ត​សៀមរាប កាល​ពី​ខែ​មេសា កន្លង​ទៅ ហើយ​លើក​ទី២​នេះ ​នៅ​ខេត្ត​ហឺណាន ប្រទេស​ចិន។ វា​ជាផ្នែក​មួយ​នៃ​ឆ្នាំ ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤។ កីឡាករ​និង​កីឡាការិនី​ល្បុក្កតោ​កម្ពុជា​ ១២​រូប​ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។

​ក្រសួង​ទេសចរណ៍បានឲ្យដឹងថា ពិធីបុណ្យ​ក្បាច់​គុន​សៅលីញ​វូស៊ូ​អន្តរជាតិ​លើក​ទី១៣ ​នេះ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ចំនួន៥៦​ និង​មាន​កីឡាករ ​សមាគម​ទេសចរណ៍​ ផ្នែក​ឯកជន និង​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​១២០០​នាក់​បាន​ចូល​រួម។

បន្ថែម​ពី​លើ​នេះ ពិធីនេះ​ក៏​មាន​ការ​ចូលរួម​របស់​សិស្ស ​គ្រូ ​សម្ដែង​ក្បាច់​គុន មាន​ចំនួន​ប្រមាណ៣ ម៉ឺន​នាក់​ផង​ដែរ។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា​ថា ព្រឹត្តិការណ៍​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយសារ​តែ​ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្ហាញ​ និង​ដោត​នៅ​លើ​ឆាក​ នៅ​មុខ​អ្នក​ចូល​រួម​រាប់​ម៉ឺន​នាក់។

លោក​បញ្ជាក់​ថា “ការណ៍​នេះ​ក៏​បង្ហាញ​ថា កម្ពុជា​ជា​ប្រ​ទេស​ឯករាជ្យ មាន​អធិបតេយ្យភាព និងស្មើ​​មុខ​ស្មើ​មាត់​ជាមួយ​ប្រទេស​នានា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ”។

លោក​ហួត ហាក់បានបន្ត​ថា ក្បាច់គុន​ល្បុក្កតោ គឺជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ ដែល​មាន​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ។ ស្នៀត​ខ្លះ​នៃ​ក្បាច់​គុន​នេះ ​ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​នានា​ ដូចជា​នៅ​ប្រាសាទ​អង្គរវត្ត បាយ័ន បន្ទាយ​ស្រី ប្រាសាទ​បាពួន ប្រា​សាទ​សំបូរ​ព្រៃគុកជាដើម។ ក្បាច់​គុន​នេះ​ មាន​ភាព​ចំណាស់​ជាង​ក្បាច់​គុន​សៅលីញ ដែល​មាន​អាយុ​ប្រមាណ​១៥០០​ឆ្នាំ។

លោក​បាន​ឲ្យ​ដឹងទៀត​ថា ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ចូល​រួម​ពិធី​នេះ លោក​បាន​បង្ហាញ​ពី​សក្ដានុពល​របស់​កម្ពុជា ​លើ​លើ​វិស័យ​ទេសចរណ៍ និង​វិនិយោគ ក្នុង​ពេល​​​លោក​ជួប​ជាមួយ​ក្រុមហ៊ុន​ចិន ​ដែល​រក​ស៊ី​ក្នុង​វិស័យ​ពាក់​ព័ន្ធ​នឹង​ទេសចរណ៍​ចំនួន២២។ ក្រុមហ៊ុន​ទាំង​នោះ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here