តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រមុខការទូតអាមេរិកបានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់មជ្ឈិមបូព៌ា គួបផ្សំនឹងការថយចុះនៃតម្រូវការប្រេងនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងកំពូលរបស់ពិភពលោក។

តម្លៃប្រេងឆៅ Brent futures សម្រាប់ការចែកចាយលក់នៅក្នុងខែធ្នូខាងមុខបានធ្លាក់ចុះ២៦សេន ឬ០,៣ភាគរយមកនៅត្រឹម៧៤,០៣ដុល្លារក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0046 GMT។

ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures សម្រាប់ការចែកចាយលក់នៅក្នុងខែវិច្ឆិកាខាងមុខបានធ្លាក់ចុះ២សេនមកនៅត្រឹម៧០,៥៤ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅត្រូវបានគេរំពឹងថា នឹងកើនឡើង ប្រសិនបើមានសញ្ញាច្បាស់លាស់ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលត្រូវបានជំរុញដោយវិធានការជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង និងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាកាលពីថ្ងៃច័ន្ទម្សិលមិញ ដើម្បីស្វែងរកការចរចាឡើងវិញ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា (Gaza)និងលុបបំបាត់ជម្លោះដែលរាលដាលទៅក្នុងប្រទេសលីបង់។

កងកម្លាំងយោធាអុីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ និងទីជម្រកសម្រាប់ជនភៀសខ្លួននៅភាគខាងជើងតំបន់ហ្គាហ្សាកាលពីថ្ងៃច័ន្ទ ខណៈអុីស្រាអែលបានបង្កើនប្រតិបត្តិការរបស់ខ្លួន និងរារាំងជំនួយមិនឱ្យចូលទៅដល់ជនស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here