ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េសម្រេចបានទឹកប្រាក់ជិត៦៣០លានដុល្លារក្នុងរយៈពេលបីត្រីមាស

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ ក្នុង​រយៈ​ពេល​៣​ត្រីមាស​ ដំបូង​ឆ្នាំ​២០២៤ មាន​ប្រមាណ​៦៣០​លាន​ដុល្លារ កើន​​ជាង​១០​ភាគ​រយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣។

កូរ៉េ​ខាងត្បូង គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១៣ របស់​កម្ពុជា​។ នេះ​បើ​យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យ​ GDCE ​ឱ្យ​ដឹង​ថា ចាប់​ពី​ខែមករា​ ដល់​ខែកញ្ញា ឆ្នាំ ​២០២៤ ការ​នាំចេញ​នាំចូល​ទំនិញ​ រវាង​កម្ពុជា-កូរ៉េ​ខាងត្បូង មាន​ទឹក​ប្រាក់​សរុប៦២៧,៧៤ លានដុល្លារ កើន​ឡើង១២,៩ ភាគរយ ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន៥៥៥,៩៥​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​កូរ៉េ​ មាន​ទឹក​ប្រាក់២៤២,១៦ លាន​ដុល្លារ កើន​ឡើង ១៦,៤ភាគ​រយ ចំណែក​ទំនិញ​កូរ៉េ​នាំចូល មាន​ចំនួន៣៨៥,៥៨ លានដុល្លារ កើនឡើង១០,៨ ភាគរយ​។

GDCE បាន​ឱ្យដឹង​ទៀត​ថា សម្រាប់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​​ប្រទេស​ទាំង២ មាន​ទឹក​ប្រាក់​សរុប៧១,៤៨ លាន​ដុល្លារ កើន​ឡើង៣៦,៩៤ភាគរយ ​ធៀបខែ​កញ្ញា ឆ្នាំ ២០២៣ ដែល​មាន​ត្រឹម​តែ ៥២,១៩ លានដុល្លារ។

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​(CCC) ​អ្នកឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ឲ្យដឹងថា ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា និង​កូរ៉េ​(CKFTA) ព្រម​ទាំង​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ប្រទេ​ស​ទាំង២ បាន​ធ្វើ​ឱ្យ​សកម្ម​ភាព ​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

លោក​បន្ត​ថា ផលិតផល​វាយនភណ្ឌ និង​កសិកម្ម គឺ​ជា​ចំណែក​សំខាន់​ នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ ខណៈ​ទំនិញ​កូរ៉េ​នាំ​មក​កម្ពុជា មាន​ដូច​ជា ឧបករណ៍​អេឡិចត្រូនិក យានយន្ត​ ឱសថ គ្រឿងសម្អាងនិង​ចំណី​អាហារ ជាដើម។​

លោក​ថ្លែង​ថា “ខ្ញុំគិតថា​ទឹក​ប្រាក់​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង២នឹង​កើន​ឡើង​ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​មាន​វិនិយោគិន​កូរ៉េ​ជាច្រើន ​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជា ​ដើម្បី​ផលិត​ទំនិញ​​នាំចេញ​ទៅ​ប្រទេស​កូរ៉េ និង​ទីផ្សារ​អន្តរ​ជាតិ”។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​សម្តេចតេជោហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ចូលរួម​វេទិ​កា​ចំណេះដឹង​ពិភពលោក​ លើក​ទី​២៥ កាល​ពី​ថ្ងៃ​ទី​ ​១០ កញ្ញា ឆ្នាំ​២០២៤ បាន​ស្នើ​ឱ្យ​លោកWoo Won-Shik ប្រធាន​រដ្ឋសភា​កូរ៉េ​ខាងត្បូង ​ជួយ​ជំរុញ​វិនិយោគិន​របស់​ខ្លួន ​ឱ្យ​ចូល​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា។

សម្តេចបញ្ជាក់ថា “រាជ​រដ្ឋាភិបាល​កម្ពុជា ​នឹង​ខិតខំ​ការពារ​វិនិយោគិន​កូរ៉េ និង​ធានា​នូវ​សុខ​សន្តិភាព​ជា​រួម ​សម្រាប់​អ្នក​វិនិយោគ​ពី​បរទេស​ទាំងអស់”។ សម្តេច​បន្ត​ថា កិច្ច​ព្រមព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ) សម្រាប់​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា​អាច​នឹង​ចេញ​ជា​រូបរាង​ឆាប់​ៗ​ ដែលវា​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល ​ឱ្យ​អ្នក​វិនិយោគ​កូរ៉េ​ខាងត្បូង ​មក​វិនិយោគ​នៅ​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here