អាស៊ាន​និង​អឺរ៉ុប​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​ទាំងពីរ​ឱ្យចេញជា​រូបរាង​ក្នុងពេលឆាប់ៗនេះ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ អាស៊ាន និង​សហភាព​អឺរ៉ុប បាន​ប្តេជ្ញា​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​ទាំងពីរ ឱ្យសម្រេចបាន​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ ដើម្បី​សម្រេចបាន​នូវ​សក្តានុពល​ធុរកិច្ច និង​វិនិយោគ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ សម្រាប់​កសាង​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត។

ការប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវបាន​លើកឡើង ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាព​អឺរ៉ុប លើក​ទី២៣តាមរយៈ​ប្រព័ន្ធ​វីដេអូ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា “កិច្ច​ប្រជុំបាន​ប្តេជ្ញា​បង្កើត​ក្របខណ្ឌ​ជាក់ស្តែង សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន- សហភាព​អឺរ៉ុប និង​ទន្ទឹងរង់ចាំ​ការសម្រេចបាន​ដ៏​ឆាប់​នូវ​កិច្ចព្រមព្រៀង​នេះ” ។

កិច្ចប្រជុំ​ក៏បាន​អនុម័ត សេចក្តីប្រកាស​រួម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប​ស្តីពី ការតភ្ជាប់ ហើយ​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងរក​ល​ទ្ឋ​ភាព​ធ្វើ​សំយោគ​រវាង «ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ២០២៥» និង​យុទ្ធសាស្ត្រ​អឺរ៉ុប​ស្តីពី «ការតភ្ជាប់​អឺរ៉ុប​និង​អា​ស៉ី» ។

កិច្ចប្រជុំ​ក៏បាន​ឯកភាពគ្នា ធ្វើការ​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​ឆាប់ នូវ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស គ្រប់​ជ្រុងជ្រោយ​អាស៊ាន-សហភាព​អឺរ៉ុប (CATA) ផងដែរ។

សម្រាប់​វិស័យសេដ្ឋកិច្ច លោក​ឧបនាយករដ្ឋមន្ត្រី បាន​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​ឱ្យបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​អាស៊ាន-សហភាព​អឺរ៉ុប ដែល​លោក​ជឿជាក់ថា ជា​គន្លឹះ​ដើម្បី​សម្រេចបាន​នូវ​សក្តានុពល​ធុរកិច្ច និង​វិនិយោគ​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ សម្រាប់​កសាង​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត។

លោក​បាន​ស្វាគមន៍​ការលើក​កម្រិត​ទំនាក់ទំនង ដៃគូ​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​ត្រូវ​បានសម្រេច​ក្នុង​កិច្ចប្រជុំ​នេះ ដោយ​ជឿជាក់ថា សមិទ្ធផល​ថ្មី​នេះ នឹង​ជួយ​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ប្រយោជន៍​ទៅវិញទៅមក​នាពេល​កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here