ទីស្ដីការក្រសួង៖ ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្ដីទីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី៣ និងលោក Tanaka Yukinari ប្រធានបេសកកម្មនៃស្នាក់ការកណ្ដាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការចម្រុះសម្រាប់សម្របសម្រួល (JCC) អន្តរក្រសួង ដើម្បីពិនិត្យដំណើរការនៃការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា សម្រាប់ជំហានទី៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍ឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដោយមានសមាសភាព គណៈកម្មការគម្រោង ដែលមានការចូលរួមសរុបចំនួន ៥០រូប។
អង្គប្រជុំបានផ្តោតការពិភាក្សាលម្អិតលើផែនការសកម្មភាពអនុវត្តគម្រោងទាំងផ្នែកទន់ និងផ្នែករឹង រួមជាមួយការតាមដានការអនុវត្តគម្រោងជាច្រើន ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) ដែលរាជរដ្ឋាភិបាលបានអនុម័តកាលទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងនេះមានគោលបំណងសំខាន់ៗ រួមមាន៖ (១) ការរៀបចំផែនការ និងការវិភាគដោយផ្អែកលើទិន្នន័យភស្តុភារកម្មកម្ពុជា ការតាមដានរបាយការណ៍ភស្តុភារកម្មប្រចាំឆ្នាំ និងការតាមដានការអនុវត្តគោលនយោបាយលើការដឹកជញ្ជូន និងភស្តុភារកម្ម វឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) (២) ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញ តាមផ្លូវគោកនិងផ្លូវរថភ្លើង និង (៣) ការសម្របសម្រួលចរាចរណ៍ឆ្លងកាត់ព្រំដែនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។
បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្ត្រីស្ដីទី ជំរុញឱ្យក្រុមការងារទាំងអស់បន្តកិច្ចសហការបន្ថែមទៀតដើម្បីជំរុញការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ សំដៅលើកកម្ពស់និងធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube