ដោយ: គង់ លាងហួរ
ណាននីង: គម្រោង Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រទំហំ៩៣៤ហិចតានៅកម្ពុជា បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១ (CAEXPO) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្រុងណាននីង ប្រទេសចិន។
គម្រោង“Bay of Lights ដែលត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៌ចិន-អាស៊ាន លើកទី២១ គ្រោងនឹងប្រែក្លាយក្រុងព្រះសីហនុនៃប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់កម្ពុជា។
ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកទស្សនាជាង២២០.០០០នាក់ និងជាវេទិកាដ៏សំខាន់មួយសម្រាប់កម្ពុជាដើម្បីបង្ហាញពីការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិតរបស់គម្រោង Bay of Lights និងបង្កើតភាពជាដៃគូសំខាន់ៗ។
អនុស្សរណៈនៃការយោគយល់គ្នា(MoU) ចំនួនជាង១០០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលពិព័រណ៍ខាងលើ ដោយពង្រឹងតួនាទីរបស់ព្រឹត្តិការណ៍នេះក្នុងនាមជាកាតាលីករជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ច។
CAEXPO ជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំ ដោយដើរតួនាទីជាវេទិកាសំខាន់មួយសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកទាំង១០នៃសមាគមអាស៊ាន។
លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានថ្លែងសុន្ទរកថាបើកថា ពិព័រណ៍នេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនានា ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០។
គម្រោង Bay of Lights ត្រូវបានដាក់ចំទីតាំងជាយុទ្ធសាស្ត្រជាច្រកចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន និងតំបន់អាស៊ាន ដែលមានអ្នកប្រើប្រាស់ជាង២ពាន់លាននាក់។
តាមរយៈការចូលរួមពិព័រណ៍ចិន-អាស៊ានខាងលើ គម្រោង Bay of Lights មានគោលបំណងបង្កើន និងពង្រឹងភាពជឿជាក់ក្នុងចំណោមបណ្តាវិនិយោគិន និងប្រតិភូពាណិជ្ជកម្ម។
ទីក្រុងព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលធុរកិច្ច ដែលកំពុងរីកលូតលាស់លឿនបំផុតនៅកម្ពុជា ដោយសម្រេចបានកំណើនប្រចាំឆ្នាំនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន១៨%គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការពង្រីកអាកាសយានដ្ឋានក្រោមទំហំទុនវិនិយោគចំនួន២ពាន់លានដុល្លារ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងបន្តបង្កភាពងាយស្រួលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការអភិវឌ្ឍន៍ទាំងនេះនឹងផ្តល់ឱកាសដល់គម្រោង Bay of Lights ដើម្បីទាញយកប្រយោជន៍ពីកំណើនសេដ្ឋកិច្ច និងនិន្នាការវិនិយោគក្នុងតំបន់ ។
ស្របពេលដែលគម្រោង Bay of Lights កំពុងបន្តបោះជំហានទៅមុខក្នុងដំណើរដ៏មានមហិច្ឆតារបស់ខ្លួន ភាពជាដៃគូ ដែលត្រូវបានបង្កើតឡើងនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១ នឹងជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតមិនធ្លាប់មានពីមុនមក ដោយពង្រឹងតួនាទីរបស់គម្រោងក្នុងនាមជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ក្នុងតំបន់៕ប្រភព: Laotian Times៕