ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រនេះបន្ទាប់ពីកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈក្រុមអ្នកវិនិយោគបានពិចារណាពីផលប៉ះពាល់នៃការខូចខាតដោយសារខ្យល់ព្យុះលើតម្រូវការប្រេងរបស់សហរដ្ឋអាមេរិក និងការរំខានការផ្គត់ផ្គង់ ប្រសិនបើអុីស្រាអែលវាយប្រហារទីតាំងផលិតប្រេងរបស់អុីរ៉ង់។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៩សេន ឬ០,៥% មកត្រឹម៧៩,០១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0152 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៣២សេន ឬ០,៤% មកនៅត្រឹម៧៥,៥៣ដុល្លារក្នុងមួយបារ៉ែល។
យ៉ាងណាមិញ តម្លៃប្រេងឆៅគោលទាំង២ប្រភេទនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងចន្លោះពី១ភាគរយទៅ២ភាគរយក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
នៅសហរដ្ឋអាមេរិក ខ្យល់ព្យុះឈ្មោះ Milton បានបោកបក់ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានវាយប្រហារមកលើរដ្ឋ Florida ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់។ ការបំផ្លិចបំផ្លាញនេះអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេង និងប្រើប្រាស់ប្រេងច្រើនជាងគេបំផុតរបស់ពិភពលោក៕