តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចវិញនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រចាំសប្តាហ៍គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ខណៈមានការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤៣សេន ឬ០,៥%មកនៅត្រឹម៧៧,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0015 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futuresបានធ្លាក់ចុះ៣៥សេន ឬ០,៥%មកនៅត្រឹម៧៤,០៣ដុល្លារក្នុងមួយបារ៉ែល។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០២,៤៨ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈបណ្តាអ្នកវិនិយោគមានសុទិដ្ឋនិយមថា ធនាគារកណ្តាលធំៗក្នុងតំបន់ ដូចជា ធនាគារកណ្តាលកូរ៉េខាងត្បូង និងធនាគារកណ្តាលអូស្ត្រាលី គ្រោងបញ្ចុះអត្រាការប្រាក់នៅសប្តាហ៍នេះ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,៥០ភាគរយ គិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,០៥ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៩៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite របស់ប្រទេសចិន បានបិទការជួញដូរព្រមគ្នា ដោយសារថ្ងៃ​ឈប់​សម្រាក “Golden Week” ហើយ​គ្រោងបើកការជួញដូរឡើងវិញនៅ​ថ្ងៃ​អង្គារស្អែកនេះ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៩៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here