រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤ ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១)គោលជំហរបស់អាស៊ាននៅក្នុងភូមិសាស្ត្រនយោបាយសាកល ២) ការលើកកម្ពស់តំណភ្ជាប់សេដ្ឋកិច្ចនិងភាពធន់នឹងវិបត្តិ ៣) តួនាទីរបស់អាស៊ានក្នុងសេដ្ឋកិច្ចសាកល និង ៤) ទិដ្ឋភាពអនាគតអាស៊ាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចប្រជុំកំពូលធុរកិច្ចនិងវនិយោគ អាស៊ាននេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដៃគូអាស៊ាន និងធុរជនមកពីអាស៊ាន និង ទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួម ពិធីជប់លៀងពានរង្វាន់
ធុរកិច្ចអាស៊ានឆ្នាំ២០២៤ ដែលធ្វើឡើងដើម្បីទទួលស្គាល់ និងប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនមកពីប្រទេសអាស៊ានទាំងដប់ ដែលបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការអភិវឌ្ឍអាស៊ាន។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីធុរកិច្ចផ្សេងទៀតរួមមាន៖ វេធិកាឡូជីស្ទិកអាស៊ាន និង ជំនួបពិភាក្សាធុរកិច្ចជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។
នាល្ងាចថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធី រាត្រីបណ្តាញសមាជិក (Members Networking Night) សម្រាប់អោយសមាជិក សមាជិកាមកពីវិស័យផ្សេងៗមានឱកាស បង្កើតការតភ្ជាប់បណ្តាញអាជីវកម្ម ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការក្នុង គោលបំណងលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធី “Members Networking Night” នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចំនួន១៥០នាក់ ដែលប្រារព្ធធ្វើឡើងនៅ
អគារ Urban Village Phase One ស្ថិតនៅជាន់ទី២៣ ក្នុងរាជធានីភ្នំពេញ។
ថ្លែងសុន្ទរកថាក្នុងពិធីបើក ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍ផ្តល់ចំណាប់អារម្មណ៍ថា ”ព្រឹត្តិការណ៍រាត្រីនេះគឺ រៀបចំឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង និងជាការបើកផ្លូវសម្រាប់ឱកាសថ្មីៗនៅក្នុងវិស័យធុរកិច្ច តាមរយៈការតភ្ជាប់បណ្តាញអាជីវកម្ម និងឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗដើម្បីពង្រឹងខ្សែសង្វាក់តម្លៃរួម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា សំដៅជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។
ឯកឧត្តម ឧកញ៉ា បានបន្ថែមទៀតថា គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ ដល់សមាជិក សមាជិកា ក្នុងការពង្រឹងទំនាក់ទំនង ចែករំលែកការយល់ដឹង និងស្វែងរកមធ្យោបាយដែលមានសក្តានុពលសម្រាប់កិច្ចសហការនានា។
ឯកឧត្តម ឧកញ៉ា ជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងពង្រឹងទំនាក់ទំនងនៅក្នុងសហគមន៍ធុរកិច្ចរបស់យើង ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងជាពិសេសក្នុងន័យជម្រុញបរិយាកាស ការធ្វើអាជីវកម្មនានា ក៏ដូចជាផ្តល់អំណោយផលក្នុងគោលបំណងរួមចំណែក ឆ្ពោះទៅរកកំណើន និងភាពធន់នៃសេដ្ឋកិច្ច។
លើសពីនោះទៅទៀត ឯកឧត្តម ឧកញ៉ា បានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យទាញយកអត្ថប្រយោជន៍អោយបានច្រើនបំផុតពីកម្មវិធីនេះ ដើម្បីឱ្យអ្នកចូលរូមទាំងអស់អាចពង្រីកបណ្តាញអាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល ខណៈពេលដែលការស្វែងរកភាពជាដៃគូប្រកបដោយសក្តានុពល គឺនឹងផ្តល់ប្រយោជន៏មិនត្រឹមតែជាការគាំទ្រ និងលើកស្ទួយអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកឱ្យកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជម្រុញគោលនយោបាយលើកស្ទួយវិស័យឯកជន បង្កើនចំណងមិត្តភាពពាណិជ្ជកម្មនានា ក៏ដូចជាការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសផងដែរ។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមពិព័រណ៍ផលិតផលបច្ចេកវិទ្យា FrancoTech 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនឆ្នាំ២០២៤។
នៅក្នុងកម្មវិធីពិព័រណ៍នេះ ធនាគារជាតិនៃកម្ពុជាក៏បានដាក់តាំងបង្ហាញប្រព័ន្ធទូទាត់បាគង បាគងទេសចរ និងខេអេចឃ្យូអរ ស្របជាមួយនឹងផលិតផលរបស់កម្ពុជាចំនួន១៣ផ្សេងទៀតផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម យឹម លាត ក៏បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្ដីពីការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់លើការរួមចំណែករបស់ប្រព័ន្ធបាគងក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមចែករំលែកទស្សនទានក្នុងកិច្ចពិភាក្សាស្តីពី “អន្តរកាលហិរញ្ញវត្ថុក្នុងការត្រួតពិនិត្យធនាគារ” ក្នុងវេទិកានិយ័តករហិរញ្ញវត្ថុកម្រិតខ្ពស់ប្រចាំតំបន់អាស៊ី នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
វេទិកានេះ ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុន និងមានការចូលរួមពីវិនិយោគិនបរទេស ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងមូលធនអន្តរជាតិធំៗ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនទានលើប្រធានបទជាច្រើន។ គួររំលេចថា អន្តរកាលហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឆ្ពោះទៅរកប្រតិបត្តិការប្រកបដោយនិរន្តរភាព សំដៅធានាបានប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពធន់ និងមានយន្តការត្រៀមរួចជាស្រេចដើម្បីសម្របខ្លួននិងទប់ទល់នឹងភាពមិនច្បាស់លាស់នៃអនាគត។