រយៈពេលបីត្រីមាសកម្ពុជារកចំណូលបានជាង៣២លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជិត៧០ម៉ឺន​នាក់ ​បាន​ទិញ​សំបុត្រ ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ជួយ​ឱ្យ​គ្រឹះ​ស្ថាន​អង្គរ​ ប្រមូល​ប្រាក់​បាន​ជាង៣២លាន​ដុល្លារ ​ក្នុង​រយៈ​ពេល៩​ខែ​ដើម​ឆ្នាំ​២០២៤ ​កើន​ឡើង​ជាង៣០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំមុន។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​របស់​គ្រឹះស្ថាន​អង្គរ។

គ្រឹះស្ថាន​អង្គរ គឺ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល ​ដែល​ត្រូវ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ស្ថិត​ក្រោម​អាណា​ព្យា​បា​ល​បច្ចេក​ទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិត​ក្រោម​អាណា​ព្យាបាល​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ការ​ប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ រួម​មាន រមណីយដ្ឋាន​អង្គរ ប្រាសាទ​កោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុងឃ្នៀស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់​តម្លៃ​តម្លៃ​សំបុត្រ ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែក​ចេញ​ជា៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា១​ថ្ងៃ​មាន​តម្លៃ៣៧​ដុល្លារ, រយៈ​ពេល៣​ថ្ងៃ​តម្លៃ៦២​ដុល្លារ និង​៧​ថ្ងៃមាន​តម្លៃ៧២​ដុល្លារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​បរទេស៦៩៩ ៨៥០នាក់ ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា ​រមណីយដ្ឋាន​អង្គរ ដោយ​ចំនួន​នេះ​ បាន​កើន​ឡើង២៩,៧១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ ចំណែក​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ មាន​សរុប​៣២,៥២លាន​ដុល្លារ កើន​ឡើង៣០,៣២ភាគរយ។

បើ​យោង​តាម គ្រឹះស្ថាន​អង្គរ ​ក្រៅ​ពី​ចំណូល​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះ​ស្ថាន​អង្គរ ក៏​រក​ចំណូល​បាន២០៨,០៥០ ដុល្លារ​ពី​ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា ​តំបន់​ប្រាសាទ​កោះកែរ និង​៥៥៣, ៤៥៣ ​ដុល្លា​ពី​ការ​លក់​សំបុត្រ​ទូក ​នៅ​កំពង់ផែ​ចុងឃ្នៀស(ខេត្ត​សៀមរាប)។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បានឲ្យដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​តាម​ប្រាសាទ​បុរាណ​នានា ​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ដើម​ឆ្នាំ​ ២០២៣ មក​ដល់​ជិត​ចុង​ឆ្នាំ​២០២៤ (គិត​ត្រឹម​ខែកញ្ញា) គឺ​ពិត​ជា​កើន​ឡើង ប៉ុន្តែ​បើ​និយាយ​ថា កើន​ឡើង​គំហុក និង​មាន​បរិមាណ​ច្រើន​ដូច​មុន​អំឡុង ​មាន​វត្តមាន​ជំងឺ​កូវីដ​១៩ គឺ​មិន​ទាន់​ទេ។

លោក​បន្ត​ថា “វិស័យ​ទេសចរណ៍ ​អាច​នឹង​មាន​ភាព​ល្អ​ប្រ​សើ​រ​ឡើង​វិញ​ លុះត្រា​តែ​ស្ថាន​ភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិភព​លោក​ល្អ​ឡើង​វិញ”។

លោក​បន្ថែម​ថា ភ្ញៀវ​បរទេស​ដែល​មក​ខេត្ត​សៀមរាប​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ គឺ​មាន​ចម្រុះ​ជាតិ​សាសន៍ ដោយ​មិន​មែន​ភាគ​ច្រើន​ ជា​អ្នក​មក​ពី​ប្រទេស​ជិតខាង ​ដូចជា ចិន វៀតណាម និង​ថៃ នោះទេ គឺ​មាន​មក​ពី​ប្រទេស​តំបន់​អ៊ឺរ៉ុប និង​អាមេរិក ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here