ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ទឹកប្រាក់នាំចេញ នាំចូលទំនិញរវាងប្រទេសកម្ពុជា កាណាដា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤ កើនឡើងជិត ៣០ភាគរយ។
ការសន្យានេះ បានធ្វើឡើងក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនឹងគណៈប្រតិភូកម្ពុជា ព្រមទាំងអគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងម៉ុងត្រេអាល់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងតំណាងរដ្ឋបាលខេត្តកេបិច ដែលដឹកនាំដោយលោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ និងធុរជនកាណាដា ជាច្រើនរូប។
ជំនួបនេះធ្វើឡើង ក្រោមកិច្ចសហការរៀបចំរបស់សភាពាណិជ្ជកម្មកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ និងអង្គភាព Investissement Québec International របស់កាណាដា ក្នុងក្រុងម៉ុងត្រេអាល់។
នៅក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានលើកយកវិស័យអាទិភាពចំនួន៥ រួមមាន កសិកម្មនិងកសិឧស្សាហកម្ម, ឱសថ ថាមពលកកើតឡើងវិញ ទេសចរណ៍ និងបច្ចេកវិទ្យា សម្រាប់បង្ហាញ ទៅដល់តំណាងរដ្ឋបាលខេត្តកេបិច និងផ្នែកឯកជននៅប្រទេសកាណាដា។
លោកបន្តថា “កម្ពុជាជាប្រទេស មានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ហើយរាជរដ្ឋាភិបាលក៏ផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើនផងដែរដល់អ្នកវិនិយោគ”។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឱកាសនោះ ក៏មានការបង្ហាញពីបទពិសោធន៍ ជោគជ័យនៃកិច្ចវិនិយោគនៅកម្ពុជា ពីតំណាងក្រុមហ៊ុនកាណាដា ដែលកំពុងបណ្ដាក់ទុនវិនិយោគ រាប់ពាន់លានដុល្លារអាមេរិកនៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បាននិយាយថា ប្រទេសកាណាដា គឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ទំនិញកម្ពុជា ដោយទឹកប្រាក់នាំចេញទំនិញរវាងប្រទេសទាំង២បានកើនឡើងស្ទើររាល់ឆ្នាំ។
លោកបន្តថា តាមរយៈបរិមាណនាំចេញទំនិញ ដ៏ច្រើនពីកម្ពុជា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏បានបើកការិយាល័យតំណាងសភាពាណិជ្ជកម្ម(CCC) នៅក្នុងប្រទេសកាណាដា រួចហើយ។
លោកពន្យល់ថា ការិយាល័យតំណាង CCC នៅប្រទេសកាណាដា មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជា ទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មាន ដើម្បីទាក់ទាញវិនិយោគិនកាណាដា ឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកបានបង្ហាញសុទិដ្ឋិនិយមថា “យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជន ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសកាណាដា នឹងបន្តកើនឡើងទៀត”៕