ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងតិចតួចនៅថ្ងៃព្រហស្បតិ៍នេះ ខណៈមានសញ្ញាបង្ហាញពីតម្រូវការប្រេងកើនឡើងខ្ពស់ និងការធ្លាក់ចុះនៃស្តុកប្រេងនៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៩សេន ឬ០,១២% ដល់៧៣,៥៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានកើនឡើង៤សេន ឬ០,០៦% ដល់៦៩,៧៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0058 GMT។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦២,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០០,៩៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៩១ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារឥទ្ធិពលពីការស្ទុះងើបឡើងថ្លៃយ៉ាងគំហុកនៃតម្លៃភាគហ៊ុននៅលើទីផ្សាររបស់ប្រទេសជប៉ុន និងតម្លៃភាគហ៊ុននៅលើទីផ្សាររបស់ទីក្រុងហុងកុង។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន១,១ភាគរយ គិតត្រឹមម៉ោង១០:៤៩នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,៤៩ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ២,៣២ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៧១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៦៤ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៨៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៩៦ភាគរយ៕








