តម្លៃប្រេងបានស្ថិតក្នុងសភាពទ្រឹង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នក​វិភាគ​បាន​ព្រមាន​ថា ប្រទេសចិនត្រូវតែបង្កើនជំនួយ​សារពើពន្ធ​បន្ថែម​ទៀត​​ដើម្បី​បង្កើន​ទំនុក​ចិត្ត​អ្នកប្រើប្រាស់ ទោះបីជាធនាគារកណ្តាលចិនបានប្រកាសទម្លាក់អត្រាការប្រាក់ និងផ្តល់មូលនិធិចេញពីរដ្ឋាភិបាលយ៉ាងណាក្តី។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣សេនដល់៧៥,២០ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0004 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានធ្លាក់ចុះ២សេនមកនៅត្រឹម៧១,៥៨ដុល្លារក្នុងមួយបារ៉ែល។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦០,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០០,២៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៤៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីធនាគារកណ្តាលចិនបានដាក់ចេញវិធានការថ្មី​បន្ថែមទៀត ដើម្បី​ចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច​ តាមរយៈការ​សម្រេចទាញទម្លាក់អត្រាសាច់ប្រាក់តម្កល់ជាកំហិត នៅតាមបណ្តាធនាគារនានាក្នុងប្រទេសចិន។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,៨៩ភាគរយ គិតត្រឹមម៉ោង១០:៤៨នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៤ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៩២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ២,១៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ១,៧៣ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,០២៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០៤៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here