មន្រ្តីជាន់ខ្ពស់កម្ពុជាស្នើឲ្យក្រុមហ៊ុន Levi Strauss & Coពិនិត្យលទ្ឋភាពវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាលីនណា

អាមេរិកៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជារួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការីតំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi’s។

តាមរយៈជំនួបនាឱកាសនេះ តំណាងក្រុមហ៊ុន Levi Strauss & Co ក៏បានបង្ហាញការស្វាគមន៍ ដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានា ដែលជាមូលដ្ឋានដល់ការសម្រេចចិត្ត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដូចជា ការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របតាមការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគ ពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួល លើការងារវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដែលអាចធានា បាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពអនុគ្រោះបំផុត។

ជាមួយប្រធានបទ នៃការវិនិយោគក្នុងវិស័យនេះ លោកស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព ការផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ៦២%នៃថាមពលសរុប ដែលបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត និងកកើតឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here