តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ដោយសារតែការព្រួយបារម្ភអំពីជម្លោះកាន់តែខ្លាំងរវាងអុីស្រាអែល និងក្រុមហេសបូឡា ហើយព្យុះត្រូពិចអាចនឹងបង្កផលប៉ះពាល់ដល់ទិន្នផលប្រេងនៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែវិច្ឆិកា បានកើនឡើង២១សេន ឬ០,៣%ដល់៧៤,១១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0030 GMT ខណៈតម្លៃប្រេងឆៅ WTI futures សម្រាប់ចែកចាយនៅខែវិច្ឆិកាដូចគ្នាបានកើនឡើង២៤សេន ឬ០,៣%ដល់៧០,៦១ដុល្លារក្នុងមួយបារ៉ែល។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៥២,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០០,៩២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៨៥ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃអង្គារនេះ ខណៈធនាគារកណ្តាលនៃប្រទេសចិនបានប្រកាសវិធានការបន្ធូរបន្ថយគោលនយោបាយជាច្រើនពាក់ព័ន្ធនឹងអត្រាការប្រាក់ដើម្បីស្តារកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,៧៨ភាគរយ គិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥៨ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ៣,២២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ២,៤០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ២,៣៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៤៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here