ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានប្រែប្រួលតិចតួច ឬអាចនិយាយបានថា “ស្ថិតនៅក្នុងសភាពទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។ប៉ុន្តែ តម្លៃប្រេង បានកើនឡើងយ៉ាងគំហុក ប្រសិនបើគិតក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍។
តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែវិច្ឆិកាខាងមុខ បានធ្លាក់ចុះ១៩សេន ឬ០,៣%មកនៅត្រឹម៧៣,៦៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0027 GMT ប៉ុន្តែបានកើនឡើង៤,៣% ក្នុងកម្រិតប្រចាំសប្តាហ៍នេះ។
ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានកើនឡើង៦សេនដល់៧២,០១ដុល្លារក្នុងមួយបារ៉ែល និងបានកើនឡើងក្នុងកម្រិតប្រចាំសប្តាហ៍ចំនួន៤,៨ភាគរយ។
យោងតាមឧបករណ៍ CME FedWatch បានបង្ហាញថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៥៨,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០០,៥៣ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៦១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ផ្សារហ៊ុនអាមេរិក Wall Street បានស្ទុះងើបឡើងថ្លៃ ដោយសារការបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន០,៨០ភាគរយ គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,១០ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៣០ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២៣ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៣៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧៨ភាគរយ៕