ប្រទេសថៃបណ្តាក់ទុនវិនិយោគចំនួន១៩ពាន់លានដុល្លារដើម្បីស្ថាបនាគម្រោងផ្លូវរថភ្លើងធំៗចំនួន៩ខ្សែ

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Surapong Piyachote អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃអះអាងថា គម្រោងផ្លូវរថភ្លើងចំនួន៩ខ្សែ ដោយរួមបញ្ចូលទាំងខ្សែ​រថភ្លើងល្បឿនលឿនថៃ-ចិន​ ដំណាក់កាលទី​២​ ប្រវែង​៣៥៧គីឡូម៉ែត្រ គ្រោង​ស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រីនៅខែ​តុលា​ខាងមុខ។

លោក​ Piyachote បាន​គូសបញ្ជាក់ថា គម្រោង​ផ្លូវរថភ្លើងទាំង​៩​​ ត្រូវ​ការ​ដើមទុនវិនិយោគ​សរុប​ចំនួន៦៦១ពាន់​លាន​បាត (ប្រហែល១៩​ពាន់​លាន​ដុល្លារអាមេរិក) ហើយ​ក្នុង​ចំណោម​គម្រោង​ទាំង​៩ គេសង្កេតឃើញមាន​​គម្រោង​ផ្លូវ​រថភ្លើង​​​២ទិស(ទាំង​ទៅ​-ទាំង​មក​)ចំនួន៦គម្រោង ​ដែល​ត្រូវ​ការ​ទុនវិនិយោគចំនួន២៩៨​ពាន់​លាន​បាត។

គម្រោង​ផ្លូ​វ​រថភ្លើងទាំង​៦​ខ្សែ​ រួមមាន​ដូចជា ផ្លូវ​រថភ្លើង Paknam Pho-Den Chai ប្រវែង​២៨៥​គីឡូម៉ែត្រ ផ្លូវ​រថភ្លើង Chumphon-Surat Thani ប្រវែង​១៦៨​គីឡូម៉ែត្រ ផ្លូវរថភ្លើង Surat Thani-Hat Yai ប្រវែង​១៨៩​គីឡូម៉ែត្រ ផ្លូវរថភ្លើង Thanon Chira Juction-Ubon Ratchathani ប្រវែង​៣០៨​គីឡូម៉ែត្រ ផ្លូវរថភ្លើង Hat Yai Junction-Padang Besar ប្រវែង​៤៥​គីឡូម៉ែត្រ និងផ្លូវរថភ្លើង Denchai-Chiang Mai ប្រវែង​១៨៩​គីឡូម៉ត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ គម្រោងសាងសង់ផ្លូវរថភ្លើងចំនួន២​ខ្សែទៀត​ កំពុង​ត្រូវ​បាន​​ត្រៀមរៀបចំ​​ពង្រីក​ នៅតំបន់ជាយក្រុង​របស់​រាជធានី​បាងកក ដែលជាផ្នែកមួយនៃ​ប្រព័ន្ធ​ខ្សែ​រថភ្លើងពណ៌​ក្រហម (Red Line Train) ​ ក្រោមទុនវិនិយោគ​សរុបចំនួន២១,៦​ពាន់​លាន​បាត។

លោក Surapong Piyachote បានបញ្ជាក់បន្ថែមថា ការស្ថាបនាប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនដំណាក់កាលទី២​ ចាប់ពីខេត្តនគររាជសីមា ទៅកាន់ខេត្តណងខៃ ក្រោមទុនវិនិយោគចំនួន៣៤១,៣​ពាន់លានបាត ជាគម្រោងផ្លូវដែកដ៏សំខាន់មួយទៀត។

ការដេញថ្លៃគម្រោងរថភ្លើងល្បឿនលឿនដំណាក់កាលទី២​នេះ ត្រូវបានគេរំពឹងថា នឹងរៀបចំឡើង​នៅដំណាច់ចុងឆ្នាំ​២០២៤ ខណៈការសាងសង់គ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរនៅដំណាច់ចុងឆ្នាំ​២០២៨​ខាង​មុខ។

ការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ដំណាក់កាលទី​១​ប្រវែង​២៥០​គីឡូម៉ែត្រចាប់ពីទីក្រុងបាងកក ទៅ​កាន់ខេត្តនគររាជសីមា បានចាប់ផ្តើមបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៧ និងមិនទាន់បញ្ចប់ការសាងសង់នៅឡើយគិតមកទល់ពេលនេះ៕ប្រភព:Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here